កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
យ៉ូអែល 2:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។ អាល់គីតាប អុលឡោះមានបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូររសរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។ |
កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចំការដុះដាល ហើយចំការដុះដាលបានរាប់ទុកជាព្រៃវិញ។
នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង
អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។
អើ ទ្រង់មានបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត
ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ
អញបានឮសេចក្ដីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលទាយកុហកដោយនូវឈ្មោះអញថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯហោរាណាដែលយល់សប្តិ ឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យអញ ត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ
អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅ ក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
អញក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតអញបានចាក់វិញ្ញាណអញទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
នៅក្នុងឆ្នាំដំបូង នៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្ដីដែលសំខាន់ៗ
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
អញនឹងចុះមកនិយាយនឹងឯង ហើយនឹងចែកព្រះវិញ្ញាណដែលសណ្ឋិតលើឯងទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
ទ្រង់មានបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ
ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់
ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ
នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ នឹងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ
កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគំរប់៣ដង តែគេទាយដូចគ្នាទាំងអស់
តែកាលសូលទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី