យ៉ូអែល 2:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ នឹងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។ អាល់គីតាប ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។ |
នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ នឹងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត នឹងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។
ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន នឹងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច
ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ នឹងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្ដីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា
ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភក្ត្រទ្រង់ អើ ទាំងលោកីយ នឹងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ
ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់
ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម
ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ នឹងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ។
ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ នឹងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក