ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 29:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចំកួត​ក្នុង​ពួក​អ៊ីស្រាអែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​យើង ជា​សេចក្ដី​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ គឺ​យើង​ហើយ​ដែល​ដឹង យើង​ជា​ទី​បន្ទាល់​ពិត នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់”»។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រ‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា”»។

សូមមើលជំពូក



យេរេមា 29:23
28 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ឯង​ធ្វើ​បាប​កូន​អញ ឬ​យក​ប្រពន្ធ​ទៀត​លើស​ពី​កូន​អញ ក្នុង​កាល​ដែល​គ្មាន​មនុស្ស​ណា​នៅ​ជា​មួយ នោះ​មើល ព្រះ​ទ្រង់​ជា​សាក្សី​ដល់​ឯង​ហើយ​នឹង​អញ​ស្រាប់​ហើយ


ឯ​ពួក​កូន​របស់​យ៉ាកុប កាល​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ គេ​មាន​សេចក្ដី​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ទ្រង់​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​ភាស​នៅ​ក្នុង​ពួក​អ៊ីស្រាអែល គឺ​បាន​រួម​ដំណេក​នឹង​កូន​ក្រមុំ​របស់​យ៉ាកុប ជា​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ឡើយ


តែ​នាង​ប្រកែក​ថា ទេ បង​អើយ សូម​កុំ​បន្ទាប​ខ្ញុំ​ឡើយ ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រាអែល​ណាស់ សូម​កុំ​ធ្វើ​ការ​អាក្រក់​នេះ​ឲ្យ​សោះ


ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ


អញ​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ឯង​ហើយ គឺ​ជា​ការ​កំផិត នឹង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​ឯង ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង នៅលើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​ឯង ក្រុង​យេរូ‌សាឡិម​អើយ ឯង​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។


ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ


ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្ដី​កំភូត​ទទេ គេ​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ នៃ​ព្រះ‌យេហូវ៉ា​ឡើយ


អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយ‌សារ​សេចក្ដី​កំភូត​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន‌ជាតិ​នេះ​ដែរ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា នឹង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សំឡាប់​អ្នក​ទាំង​២​នោះ នៅ​មុខ​ឯង​រាល់​គ្នា


ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​អញ​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ទាយ​ដល់​ឯង​រាល់​គ្នា ហើយ​បាន​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ចំពោះ​សេចក្ដី​កំភូត


គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា


ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។


តែ​ឯង​រាល់​គ្នា​បាន​ដំកើង​ខ្លួន​ទាស់​នឹង​អញ ដោយ‌សារ​មាត់​ឯង ព្រម​ទាំង​ចំរើន​ពាក្យ​របស់​ឯង​ទាស់​នឹង​អញ​ផង អញ​បាន​ឮ​ហើយ


ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ


គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​សាក្សី​ពី​ឯង នឹង​ប្រពន្ធ​ដែល​ឯង​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​នោះ ហើយ​ទោះ​បើ​នាង​ជា​គូ​របស់​ឯង នឹង​ជា​ប្រពន្ធ ដែល​ឯង​បាន​ចុះ​សញ្ញា​នឹង​គ្នា​ក៏​ដោយ គង់​តែ​ឯង​បាន​ប្រព្រឹត្ត ដោយ​ក្បត់​ចំពោះ​នាង​ដែរ


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។


ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប


ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ‌ទ្រង់​បង្កើត​មក ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ