ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
យេរេមា 22:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ |
ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកំចាយផង ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិម ពេញដោយឈាមដែលឥតទោសនោះ ហើយព្រះយេហូវ៉ាទ្រង់មិនព្រមអត់ទោសឲ្យទេ
មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសំលៀកបំពាក់របស់ពួកអ្នកក្រីក្រផង
ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ
ចូរជួយសង្គ្រោះមនុស្សក្រីក្រ នឹងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
កុំឲ្យបន្ថយគោលចារិកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី
ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ
ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
តែឯភ្នែកឯង នឹងចិត្តឯង នោះរកតែបំពេញសេចក្ដីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ នឹងប្រព្រឹត្តសេចក្ដីច្រឡោតផងប៉ុណ្ណោះ
នោះពួកចៅហ្វាយនឹងជនទាំងឡាយក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងទេតើ
គេបានឡើងសាច់ធាត់ ហើយប៉ផូរ អើ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្តីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចំរើនឡើងឡើយ ក៏មិនសំរេចត្រឹមត្រូវដល់ពួកកំសត់ផង
គឺអញបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ជំពូក ដើម្បីឲ្យឯងបានសេចក្ដីសុខស្រួល
ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ
ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ ហើយកំសត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបភ្នែកមើលទៅឯរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម
ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសំលៀកបំពាក់វិញ
នៅក្នុងឯងគេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្តាលឯង គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងឯងគេបានរឹបជាន់ពួកកំព្រា នឹងស្រីមេម៉ាយ
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត នឹងការរឹបជាន់ចេញ ហើយសំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតចុះ ត្រូវឲ្យដកលែងការស៊ីបំបាត់រាស្ត្រអញចេញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិត ក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវឲ្យជំនុំជំរះអ្នកជិតខាងឯងដោយសុចរិតវិញ
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្ដីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។
តែត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ។
ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។
ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យ វិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង
ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកកំព្រា នឹងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ នឹងសំលៀកបំពាក់ផង
មិនត្រូវឲ្យឯងបង្វែរសេចក្ដីយុត្តិធម៌ ពីអ្នកប្រទេសក្រៅ ឬពីកូនកំព្រាឡើយ ក៏មិនត្រូវទទួលបញ្ចាំអាវរបស់ស្រីមេម៉ាយដែរ
បើឃើញអ្នកណាកំពុងតែចាប់អ្នកណាមួយក្នុងពួកបងប្អូន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើទុកដូចជាខ្ញុំបំរើ ឬលក់ឲ្យដល់គេក្តី នោះអ្នកដែលចាប់លួចយកនឹងត្រូវទោសដល់ស្លាប់ យ៉ាងនោះឯងនឹងបំបាត់ការអាក្រក់ពីពួកឯងចេញ។
បើកាលណាមានមនុស្សកើតរឿងទាស់ទែងគ្នា ហើយគេប្តឹងផ្តល់ដល់ចៅក្រមឲ្យជំនុំជំរះក្តីនោះ នោះត្រូវឲ្យចៅក្រមតាំងឲ្យអ្នកដែលសុចរិត បានជាសុចរិតចុះ ហើយកាត់ទោសដល់អ្នកដែលមានទោសវិញ
ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកដទៃ នឹងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ។