យេរេមា 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្ដីសូន្យសោះ គឺជាដុំឈើទទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគេសុទ្ធតែជាមនុស្សល្ងីល្ងើ លេលា លទ្ធិរបស់គេគឺរូបព្រះ ប៉ុន្តែ ជាដុំឈើ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ អាល់គីតាប ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ |
ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯង ព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
មើល គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។
ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេផង ដើម្បីមិនឲ្យយល់បាន
គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផង ដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី
គ្រប់ទាំងមនុស្សបានទៅជាកំរោល ហើយឥតមានចំណេះ គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាសេចក្ដីកំភូតទទេ ឥតមានដង្ហើមឡើយ
ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់អញថា សូមទ្រង់ក្រោកឡើងជួយសង្គ្រោះយើងខ្ញុំផង
ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្ដីកំផិតនឹងដុំថ្ម ហើយនឹងដុំឈើផង
ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ
រាស្ត្រអញគេសូមសេចក្ដីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ
កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា នឹងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សំដែងជាសេចក្ដីកំភូត ក៏កំសាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល