ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ នឹងប្រពន្ធហើយក្មេងៗនៅជាមួយផង។
នេហេមា 12:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ គេក៏ថ្វាយដង្វាយយ៉ាងសន្ធឹក ហើយមានសេចក្ដីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗ នឹងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម៉្លេះបានជាសេចក្ដីអំណរដែលមាននៅក្រុងយេរូសាឡិម បានឮផ្សាយទៅឆ្ងាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះធ្វើឲ្យគេអរសប្បាយជាខ្លាំង ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ អំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលុប។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សម្រែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ អាល់គីតាប នៅថ្ងៃនោះ ប្រជាជនធ្វើគូរបានជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះអុលឡោះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលប់។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សំរែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ |
ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ នឹងប្រពន្ធហើយក្មេងៗនៅជាមួយផង។
រួចមក ពួកយូដា នឹងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ
រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន នឹងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ នឹងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង។
នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ នឹងការចំរៀងផ្សំ ដោយឈឹង ពិណ នឹងស៊ុងផង
ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ នឹងអេស៊ើរដែរ ឯពួកចំរៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ
កាលណាទ្រង់ប្រោសឲ្យមានសេចក្ដីស្រាកស្រាន្តហើយ នោះតើអ្នកណានឹងបណ្តាលឲ្យកំរើកឡើងទៀតបាន កាលណាទ្រង់លាក់ព្រះភក្ត្រ នោះតើអ្នកណានឹងមើលទ្រង់ឃើញ ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ ទូលបង្គំនឹងបន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ នឹងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្ដីសោកសៅរបស់គេទៅជាសេចក្ដីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្ដីទុក្ខព្រួយរបស់គេ
ជាសំឡេងអរសប្បាយ នឹងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី នឹងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកដង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
រីឯនៅថ្ងៃអំណរ នឹងនៅថ្ងៃបុណ្យដ៏មុតមាំរបស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត នឹងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
តែពួកសង្គ្រាជ នឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ
ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
ឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីព្រួយដូច្នោះមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្ដីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ
ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេ ត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេ ត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ
កាលហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី