ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
និក្ខមនំ 34:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។ អាល់គីតាប គាត់ជម្រាបថា៖ «អុលឡោះជាអម្ចាស់អើយ! ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំមែន សូមទ្រង់ទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ទ្រង់អត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយទ្រង់ទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់»។ |
ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់
សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។
មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា ព្រះរបស់ខ្លួន គឺជាសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ
ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា អញឃើញបណ្តាជននេះ ថាជាពួកមនុស្សមានក្បាលរឹង
ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណាឲ្យទៅជាមួយសោះ ទ្រង់បានមានបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង
ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។
ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន
ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត
ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
ដ្បិតកេរ្តិ៍អាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។
រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាបដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ាជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
ហើយអញក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញបណ្តាជននេះដ៏ជាមរដករបស់ទ្រង់ ដែលទ្រង់បានលោះដោយឫទ្ធិបារមីទ្រង់ ហើយបាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តានោះឡើយ
ប៉ុន្តែ គេជារាស្ត្រ ហើយជាមរដករបស់ផងទ្រង់ ដែលទ្រង់បាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ ហើយដោយព្រះពាហុលើកសំរេចហើយ។