នាងរស់ 2:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ នឹងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបូអូសឆ្លើយទៅនាងថា៖ «គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក ក្រោយពីប្តីនាងស្លាប់ទៅ ហើយពីការដែលនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកក្នុងសាសន៍នេះ ដែលនាងមិនស្គាល់ពីមុនមកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់អំពីការទាំងប៉ុន្មាន ដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្ដាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។ អាល់គីតាប លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់ អំពីការទាំងប៉ុន្មានដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្តាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។ |
៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរភ្លេចសាសន៍ឯង នឹងផ្ទះឪពុកឯងទៅ
ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ
ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង
នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី
នោះនាងក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ
លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង
កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក