នាងរស់ 2 - អាល់គីតាបនាងរស់រើសស្រូវនៅក្នុងស្រែរបស់លោកបូអូស 1 នាងណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស ជាអ្នកមានកិត្តិយស និងមានសម្បត្តិស្តុកស្តម្ភ។ 2 នាងរស់ជាសាសន៍ម៉ូអាប់ ពោលទៅម្តាយក្មេកថា៖ «សូមអ្នកម្តាយឲ្យកូនទៅរើសស្រូវនៅតាមស្រែនានាទៅ គង់តែមានគេអាណិត ទុកឲ្យកូនរើសស្រូវតាមក្រោយពុំខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូន!»។ 3 នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។ 4 ពេលនោះលោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមអុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់គាត់ដែរ!»។ 5 បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់គាត់ ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។ 6 បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។ 7 នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះ តែមួយស្របក់ប៉ុណ្ណោះ»។ 8 ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្តាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ! 9 ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗ មិនឲ្យប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អមដែលពួកអ្នកបម្រើរបស់ខ្ញុំដងទុកនោះទៅ!»។ 10 ពេលនោះ នាងរស់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏អ្នកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។ 11 លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់ អំពីការទាំងប៉ុន្មានដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្តាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។ 12 សូមអុលឡោះតាអាឡាតបស្នងមកនាងវិញ ស្របតាមការដែលនាងបានប្រព្រឹត្ត សូមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ប្រទានរង្វាន់មកនាងយ៉ាងបរិបូណ៌ ព្រោះនាងបានមកជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់។ 13 នាងរស់តបវិញថា៖ «លោកម្ចាស់មានចិត្តសប្បុរសមកលើនាងខ្ញុំជាពន់ពេក ទោះបីនាងខ្ញុំមានឋានៈទាបជាងស្រីបម្រើរបស់អ្នកក្តី ក៏អ្នកនិយាយសំរាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំដែរ»។ 14 នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំបុ័ង ហើយជ្រលក់ដុំនំបុ័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។ 15 បន្ទាប់មក នាងក្រោកឡើងទៅរើសស្រូវទៀត។ ពេលនោះ លោកបូអូសបានបញ្ជាដល់អ្នកបម្រើរបស់គាត់ថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងមានកណ្តាប់ផង កុំរារាំងនាងអី!។ 16 ចូរទម្លាក់កួរស្រូវខ្លះចេញពីកណ្តាប់ឲ្យនាងរើសផង កុំស្តីបន្ទោសនាងឡើយ!»។ 17 នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។ 18 នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញឲ្យម្តាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។ 19 ម្តាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា?។ សូមអុលឡោះតាអាឡាប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្តាយក្មេកថា នាងបានទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។ 20 នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរគុណអុលឡោះតាអាឡាដែលមានចិត្តមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។ 21 នាងរស់ជាសាសន៍ម៉ូអាប់ពោលថា៖ «គាត់បានប្រាប់កូនឲ្យនៅរើសស្រូវជាមួយអ្នកបម្រើរបស់គាត់ រហូតទាល់តែផុតរដូវចម្រូត»។ 22 នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។ 23 នាងរស់នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូស រហូតទាល់តែផុតរដូវចម្រូត។ នាងរស់ រស់នៅជាមួយម្តាយក្មេកតទៅទៀត។ |
© 2014 United Bible Societies, UK.
United Bible Societies