ជនគណនា 13:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយប្រាប់គេថា៖ «ចូរនាំគ្នាចូលទៅតំបន់ណេកិប ហើយឡើងចូលទៅស្រុកភ្នំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ អាល់គីតាប ម៉ូសាបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ |
នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ នឹងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ
ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ នឹងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្តាលបេត-អែលនឹងអៃយ
ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម នឹងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ
ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច
សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស នឹងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។
គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែងដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
រួចសាសន៍អាម៉ូរីដែលនៅភ្នំនោះ ក៏ចេញមកទាស់នឹងឯង ដេញតាមឯងដូចជាឃ្មុំ ព្រមទាំងវាយផ្តួលនៅត្រង់ស្រុកសៀរ រហូតទៅដល់ភ្នំហោម៉ា
ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង នឹងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក
ដំរង់ទៅខាងត្បូង រួចឡើងតាមច្រកភ្នំអាក្រាប៊ីមទៅតាមស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា ដំរង់ទៅដល់ហេស្រុន ហើយឡើងទៅឯអាដារ រួចបត់មកដល់ការកា
យ៉ូស្វេ ជាកូននុន លោកចាត់អ្នកស៊ើបការសំងាត់២នាក់ ឲ្យចេញពីស៊ីទីមទៅ ដោយប្រាប់ថា ចូរទៅសង្កេតមើលស្រុកនោះ នឹងក្រុងយេរីខូរផង គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីសំផឹងម្នាក់ ឈ្មោះរ៉ាហាប
នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង នឹងស្រុកទំនាបថែមទៀត