ជនគណនា 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកឰយុកោគេដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើទូលបង្គំបានបង្កើតមនុស្សទាំងអស់នេះមកឬ? តើទូលបង្គំជាឪពុករបស់គេឬ បានជាព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា "ចូរបីគេ ដូចមេដោះបីកូនដែលនៅបៅ" រហូតទៅដល់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកឰយុកោគេដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ? អាល់គីតាប តើខ្ញុំជាអ្នកបង្កើតប្រជាជនទាំងនេះ ឬតើខ្ញុំជាឪពុករបស់ពួកគេ ឬបានជាអុលឡោះបង្គាប់ឲ្យខ្ញុំបីបាច់ថែរក្សាពួកគេ ដូចម្តាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលទ្រង់បានសន្យាជាមួយដូនតារបស់ពួកគេថានឹងប្រទានឲ្យពួកគេ? |
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ
ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប
ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ នឹងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា
ដូច្នេះ ឧកញ៉ាវាំង នឹងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ នឹងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជំរាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបំរើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្ដីដែលលោកគិតឃើញថាល្អចុះ
កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន ដូចទ្រង់បានស្បថនឹងអ្នករាល់គ្នា នូវពួកឰយុកោ ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នាហើយ
ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ
អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរ្តិ៍អាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា
ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចីទៅដោយថ្នម។
ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
អញនឹងតាំងអ្នកគង្វាលតែ១ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបំរើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនឹងធ្វើជាអ្នកគង្វាលដល់ហ្វូង
ដ្បិតថ្វីបើអ្នករាល់គ្នាមានគ្រូទាំងម៉ឺនក្នុងព្រះគ្រីស្ទ តែគ្មានឪពុកជាច្រើនទេ មានតែខ្ញុំ១ប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ដោយសារដំណឹងល្អ
កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង
ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើររហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន
យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ