កិច្ចការ 15:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។ ព្រះគម្ពីរខ្មែរសាកល គឺឲ្យចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ ប្រសិនបើបងប្អូនរក្សាខ្លួនពីសេចក្ដីទាំងនេះបាន បងប្អូនធ្វើបានប្រសើរហើយ។ សូមជម្រាបលា”។ Khmer Christian Bible គឺចៀសវាងពីសំណែនដែលបានសែនដល់រូបព្រះ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ បើអ្នករាល់គ្នារក្សាខ្លួនពីសេចក្ដីទាំងនេះបាន នោះអ្នករាល់គ្នាធ្វើបានប្រសើរហើយ សូមជម្រាបលា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ អាល់គីតាប យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ |
ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម នឹងជីវិតនោះ គឺតែ១ទេ ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់កាល់ចេញជាពិត
មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន
គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ
គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្ដីទាំងនោះទេ ត្រូវប្រយ័តតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម នឹងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្ដីកំផិតប៉ុណ្ណោះ
កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។
ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា
កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្ដីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ។
កូនតូចៗរាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ។ អាម៉ែន។:៚
រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនឹងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង
ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង
តែអញប្រកាន់សេចក្ដីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្ដីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង