កាឡាទី 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។ ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។ Khmer Christian Bible ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ អាល់គីតាប ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។ |
ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចំការដុះដាល ហើយចំការដុះដាលបានរាប់ទុកជាព្រៃវិញ។
តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង
អើ ទ្រង់មានបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត
ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះអញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ
រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ
អញក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតអញបានចាក់វិញ្ញាណអញទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។
ហើយមើល ខ្ញុំនឹងឲ្យសេចក្ដីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។
តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ
ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់
ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។
យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។
ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ
ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។
រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «នឹងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ
ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ
ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ
ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១
ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ
អ្នករាល់គ្នាបានជំរះសំអាតចិត្ត ដោយស្តាប់តាមសេចក្ដីពិត សំរាប់ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ
ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីឲ្យបានព្រះពរទុកជាមរដក