ព្រះបាទយ៉ូអាហាសសោយរាជ្យលើស្រុកអ៊ីស្រាអែល1 នៅឆ្នាំទីម្ភៃបី ក្នុងរាជ្យព្រះបាទយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្ដេចយូដា នោះយ៉ូអាហាស ជាបុត្រព្រះបាទយេហ៊ូវក៏សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំ។ 2 ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនបានងាកចេញឡើយ។ 3 នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្ដាប់ដៃហាសែល ជាស្ដេចស៊ីរី និងក្នុងកណ្ដាប់ដៃបេន-ហាដាដ ជាបុត្រហាសែលតទៅ។ 4 ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។ 5 (ដ្បិតព្រះយេហូវ៉ាប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី។ រួចពួកកូនចៅអ៊ីស្រាអែលក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ។ 6 ប៉ុន្តែ គេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្ត តាមអំពើទាំងនោះ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងបង្គោលសក្ការៈ នៅឡើយដែរ។) 7 ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។ 8 ឯកិច្ចការឯទៀតដែលព្រះបាទយ៉ូអាហាសបានធ្វើ និងអំណាចរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។ 9 ចំណែកយ៉ូអាហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចព្រះបាទយ៉ូអាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះបាទយ៉ូអាហាសសោយរាជ្យលើស្រុកអ៊ីស្រាអែល10 នៅឆ្នាំទីសាមសិបប្រាំពីរ ក្នុងរាជ្យព្រះបាទយ៉ូអាសជាស្ដេចយូដា នោះព្រះបាទយ៉ូអាសជាបុត្រយ៉ូអាហាស ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបានដប់ប្រាំមួយឆ្នាំ 11 ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានបោះបង់អស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់នៅតែប្រព្រឹត្តតាមអំពើទាំងនោះ។ 12 ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងព្រះបាទអ័ម៉ាស៊ីយ៉ា ស្ដេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែល។ 13 ព្រះបាទយ៉ូអាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចយេរ៉ូបោមបានឡើងសោយរាជ្យជំនួសទ្រង់ ហើយគេបញ្ចុះសពព្រះបាទយ៉ូអាសនៅក្រុងសាម៉ារីជាមួយពួកស្ដេចអ៊ីស្រាអែល។ មរណភាពរបស់លោកអេលីសេ14 នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។ 15 អេលីសេទូលតបថា៖ «សូមយកធ្នូ និងព្រួញមក» ទ្រង់ក៏យកធ្នូ និងព្រួញមកឲ្យលោក 16 រួចទូលថា៖ «សូមទ្រង់ដំឡើងធ្នូទៅ» ទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្ដេច 17 រួចលោកទូលថា៖ «សូមបើកបង្អួចខាងកើតទៅ» ទ្រង់ក៏បើក អេលីសេទូលថា៖ «សូមបាញ់ទៅ» ហើយទ្រង់ក៏បាញ់ លោកទូលថា៖ «នេះហើយជាព្រួញជ័យរបស់ព្រះយេហូវ៉ា គឺជាព្រួញជ័យជម្នះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ»។ 18 រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។ 19 ពេលនោះ អ្នកសំណព្វរបស់ព្រះក៏ខឹងនឹងស្ដេច ហើយទូលថា៖ «គួរតែទ្រង់បាញ់ដល់ទៅប្រាំ ឬប្រាំមួយដង ទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែបីដងប៉ុណ្ណោះ»។ 20 លោកអេលីសេក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី ពួកកងនៃសាសន៍ម៉ូអាប់ក៏ទន្រ្ទានចូលមកក្នុងស្រុក 21 ហើយកាលមនុស្សកំពុងតែបញ្ចុះសពរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកងមួយ រួចគេបោះខ្មោចនោះទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។ ពួកអ៊ីស្រាអែលវាយយកទីក្រុងទាំងប៉ុន្មានពីអារ៉ាមវិញ22 ឯហាសែលជាស្តេចស្រុកស៊ីរី ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស។ 23 ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ 24 រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាដ ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ 25 ព្រះបាទយ៉ូអាស ជាបុត្ររបស់យ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យកពីកណ្ដាប់ព្រះហស្តបិតាចេញពីកណ្ដាប់ដៃបេន-ហាដាដ ជាបុត្រហាសែលមកវិញ ព្រះបាទយ៉ូអាសវាយគេចំនួនបីដង ហើយក៏បានទីក្រុងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលមកវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia