ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ កូរិនថូស 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
២ កូរិនថូស 13

ការ​រំឭក​ដាស់​តឿន និង​ការ​សួរ​សុខ​ទុក្ខ​របស់​លោក​ប៉ុល

1 នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា។ គ្រប់​ការ​ទាំង​អស់​អាច​រាប់​ជា​ការ​បាន ដោយ​សារ​មាត់​ស្មរ​បន្ទាល់​ពីរ​ឬ​បី​នាក់

2 ខ្ញុំ​បាន​ទូន្មាន​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ពី​មុន និង​អ្នក​ឯ​ទៀត​ទាំង​អស់​រួច​មក​ហើយ ហើយ​ឥឡូវ​នេះ ពេល​មិន​នៅ​ជា​មួយ ខ្ញុំ​សូម​ទូន្មាន​អ្នក​ទាំង​នោះ ដូច​ជា​ខ្ញុំ​បាន​ទូន្មាន​កាល​ពី​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា​ជា​លើក​ទី​ពីរ​នោះ​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត ខ្ញុំ​នឹង​មិន​ប្រណី​ឡើយ

3 ព្រោះ​អ្នក​រាល់​គ្នា​រក​ភស្តុតាង​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះ‌អង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះ‌ចេស្តា​ក្នុង​អ្នក​រាល់​វិញ។

4 ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ភាព​ទន់​ខ្សោយ តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ។ យើង​ខ្សោយក្នុង​ព្រះ‌អង្គ​មែន តែ​ចំពោះ​អ្នក​រាល់​គ្នា យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ។

5 ចូរ​អ្នក​រាល់​គ្នា​ពិ‌ចារ‌ណា​មើល​ខ្លួន​ឯង​ទៅ តើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​ជំនឿ​មែន​ឬ​យ៉ាង​ណា។ ចូរ​ល្បង​មើល​ខ្លួន​ឯង​ចុះ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? ពិត​មែន លើក​លែង​តែ​អ្នក​រាល់​គ្នា​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ប៉ុណ្ណោះ!

6 ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​មិន​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង​ល​ឡើយ។

7 ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។

8 ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្តី​ពិត​បាន​ឡើយ គឺ​ធ្វើ​បាន​តែ​អ្វី​ដែល​សម្រាប់​សេចក្តី​ពិត​ប៉ុណ្ណោះ។

9 ព្រោះ​យើង​មាន​អំណរ នៅ​ពេល​ណា​យើង​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​រឹង​មាំ។ យើង​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍។

10 ហេតុ​នោះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​សរ‌សេរ​សេចក្ដី​នេះ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​ស្អាង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​ទេ។

ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ

11 ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

12 សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ។

13 ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។

14 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​សេចក្តី​ប្រកប​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។:៚

© 2016 United Bible Societies

Bible Society in Cambodia