និមិត្ដ និងការបើកសម្ដែងរបស់លោកប៉ុល1 ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។ 2 ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។ 3 ខ្ញុំស្គាល់មនុស្សនោះ (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ ខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប) 4 អ្នកនោះត្រូវបានលើកឡើងទៅស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ។ 5 ខ្ញុំនឹងអួតពីមនុស្សនោះ តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 6 ទោះបើខ្ញុំចង់អួតខ្លួន ក៏ខ្ញុំមិនមែនល្ងង់ខ្លៅដែរ ដ្បិតខ្ញុំនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោអ្នកណាម្នាក់ស្មានអំពីខ្ញុំ លើសជាងអ្វីដែលគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ 7 ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។ 8 ខ្ញុំបានអង្វរដល់ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ 9 តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ 10 ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ លោកប៉ុលខ្វល់ខ្វាយអំពីក្រុមគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស11 ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។ 12 ពិតមែន មានទីសម្គាល់បានកើតឡើងក្នុងចំណោមអ្នករាល់គ្នា ដែលបញ្ជាក់ការងារជាសាវករបស់ខ្ញុំ គឺដោយការអត់ធ្មត់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង។ 13 តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំឯទៀតៗ ក្រៅតែពីខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមអត់ទោសកំហុសនេះឲ្យខ្ញុំផង! 14 មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។ 15 ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ? 16 យើងសន្មត់ដូច្នេះទៅចុះថា ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ តែគេថា ដោយសារខ្ញុំឆ្លាត បានជាខ្ញុំប្រើល្បិចចាប់អ្នករាល់គ្នា។ 17 តើខ្ញុំឆ្លៀតយកប្រយោជន៍ពីអ្នករាល់គ្នា ដោយសារអ្នកណាម្នាក់ដែលខ្ញុំបានចាត់ឲ្យមកឯអ្នករាល់គ្នាឬ? 18 ខ្ញុំបានអង្វរលោកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើលោកទីតុសបានឆ្លៀតយកប្រយោជន៍ពីអ្នករាល់គ្នាឬ? តើយើងទាំងពីរនាក់មិនបានប្រព្រឹត្តដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានធ្វើតាមគន្លងតែមួយទេឬ? 19 តើអ្នករាល់គ្នាធ្លាប់គិតស្មានរហូតមកថា យើងកំពុងនិយាយដោះសានៅចំពោះអ្នករាល់គ្នាឬ? ឱពួកស្ងួនភ្ងាអើយ យើងនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងធ្វើអ្វីៗទាំងអស់ សម្រាប់តែនឹងស្អាងចិត្តអ្នករាល់គ្នាប៉ុណ្ណោះ។ 20 ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។ 21 ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។ |
© 2016 United Bible Societies
Bible Society in Cambodia