ព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡិម1 រីឯព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានចាត់សារមកព្រះបាទដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ និងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។ 2 ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយរាជ្យរបស់ទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយសារព្រះអង្គយល់ដល់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ 3 នៅក្រុងយេរូសាឡិម ព្រះបាទដាវីឌបានយកភរិយាថែម ហើយក៏បង្កើតបានបុត្រាបុត្រីជាច្រើនទៀត។ 4 ទាំងនេះជានាមរបស់បុត្រទាំងប៉ុន្មាន ដែលទ្រង់បង្កើតនៅក្រុងយេរូសាឡិម គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន 5 យីបហារ អេលីសួរ អែលផាលេត 6 ណូកា នេផេក យ៉ាភា 7 អេលីសាម៉ា ប្អេលីយ៉ាដា និងអេលីផាលេត។ ជ័យជម្នះលើពួកភីលីស្ទីន8 ពេលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលហើយ ពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកព្រះបាទដាវីឌ ហើយព្រះបាទដាវីឌក៏បានជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ។ 9 ឯពួកភីលីស្ទីនបានទន្ទ្រានចូលមកក្នុងច្រកភ្នំរេផែម។ 10 ព្រះបាទដាវីឌទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ 11 ដូច្នេះ គេបានឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយព្រះបាទដាវីឌប្រហារគេនៅទីនោះ រួចទ្រង់មានរាជឱង្ការថា៖ «ព្រះបានទម្លាយពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់»។ ហេតុនោះបានជាគេហៅទីនោះថា "បាល-ពេរ៉ាស៊ីម "។ 12 ពួកគេក៏បោះបង់ចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ រួចព្រះបាទដាវីឌចេញបញ្ជាឲ្យដុតរូបព្រះទាំងនោះចោល។ 13 ពួកភីលីស្ទីនបានទន្ទ្រានចូលមក ក្នុងច្រកភ្នំនោះម្តងទៀត។ 14 ពេលព្រះបាទដាវីឌទូលសួរដល់ព្រះដូចមុន ព្រះទ្រង់មានព្រះបន្ទូលថា៖ «កុំឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចម្ការមនវិញ 15 កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមនដូចជាពួកពលដើរ នោះអ្នកត្រូវចេញទៅចុះ ដ្បិតព្រះនឹងចេញទៅនៅមុខអ្នក ដើម្បីវាយពួកពលភីលីស្ទីន»។ 16 ព្រះបាទដាវីឌក៏ធ្វើតាមបញ្ជារបស់ព្រះ ហើយប្រហារពួកពលទ័ពភីលីស្ទីន ចាប់តាំងពីក្រុងគីបៀនរហូតដល់ក្រុងកេស៊ើរ។ 17 ដូច្នេះ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាបណ្ដាលឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។ |
© 2016 United Bible Societies
Bible Society in Cambodia