ការដង្ហែហិបសេចក្ដីសញ្ញាមកពីក្រុងគារយ៉ាត់-យារីម1 ព្រះបាទដាវីឌបានពិគ្រោះជាមួយពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់។ 2 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើអ្នករាល់គ្នា យល់ថានេះជាការប្រសើរ ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ ចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើងដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ដល់ពួកសង្ឃ ពួកលេវី ដែលនៅតាមទីក្រុងនានា ដែលមានវាលស្មៅ ដើម្បីឲ្យគេនាំគ្នាមកជួបជុំជាមួយយើងផង។ 3 បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។ 4 ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។ 5 ដូច្នេះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់ពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីយកហិបរបស់ព្រះពីក្រុងគារយ៉ាត់-យារីម។ 6 ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីយកហិបរបស់ព្រះយេហូវ៉ាដ៏ជាព្រះមក ដែលព្រះអង្គគង់នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលហិបនោះបានហៅតាមព្រះនាមរបស់ព្រះអង្គ។ 7 គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។ 8 ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានប្រគំភ្លេងនៅចំពោះព្រះ អស់ពីកម្លាំង ព្រមទាំងច្រៀងចម្រៀង ដោយស៊ុង ពិណ ក្រាប់ ឈិង និងត្រែ។ 9 ពេលពួកគេទៅដល់លានស្រូវរបស់គីដូន អ៊ុសាលូកដៃទៅចាប់ទប់ហិប ព្រោះគោកញ្ជ្រោលឡើង។ 10 ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហិប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ។ 11 ព្រះបាទដាវីឌមានព្រះហឫទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "ពេរេស-អ៊ុសា " រហូតដល់សព្វថ្ងៃ។ 12 នៅថ្ងៃនោះ ព្រះបាទដាវីឌមានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យយើងយកហិបរបស់ព្រះមកឯយើងបាន?» 13 ដូច្នេះ ព្រះបាទដាវីឌមិនបានយកហិបមកក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម នៅក្រុងកាថវិញ។ 14 ហិបរបស់ព្រះបាននៅជាមួយគ្រួសារអូបិឌ-អេដុម គឺនៅក្នុងផ្ទះរបស់គាត់អស់រយៈពេលបីខែ ព្រះយេហូវ៉ាក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មានផង។ |
© 2016 United Bible Societies
Bible Society in Cambodia