អំណោយទាននៃសេចក្ដីស្រឡាញ់1 ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។ 2 បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។ 3 បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ 4 សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ 5 ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ 6 សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ 7 សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ 8 សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។ 9 ដ្បិតយើងដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងទំនាយបានត្រឹមតែមួយផ្នែកដែរ 10 តែនៅពេលសេចក្ដីគ្រប់លក្ខណ៍មកដល់ នោះសេចក្ដីមិនពេញខ្នាតនឹងបាត់ទៅ។ 11 កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។ 12 ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាមើលក្នុងកញ្ចក់ តែនៅពេលនោះ យើងនឹងឃើញមុខទល់នឹងមុខ។ ឥឡូវនេះ ខ្ញុំស្គាល់ត្រឹមតែមួយផ្នែកប៉ុណ្ណោះ តែនៅពេលនោះ ខ្ញុំនឹងស្គាល់យ៉ាងច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ 13 ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។ |
© 2016 United Bible Societies
Bible Society in Cambodia