ការបែងចែងទឹកដី1 មួយទៀត កាលណាអ្នករាល់គ្នាចាប់ឆ្នោតចែកស្រុកជាមត៌ក នោះត្រូវឲ្យថ្វាយតង្វាយមួយដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងពីរម៉ឺន ហត្ថ ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ 2 ក្នុងដីនោះត្រូវឲ្យមានកន្លែងសម្រាប់ទីបរិសុទ្ធ ប្រវែងប្រាំរយ និងទទឹង ៥០០ គឺបួនជ្រុងស្មើ ថែមទាំង ៥០ ហត្ថ នៅព័ទ្ធជុំវិញសម្រាប់ជាវាលទំនេរ 3 ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយពីរម៉ឺនប្រាំពាន់ ហើយទទឹងមួយម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ 4 នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសម្រាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសម្រាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សម្រាប់ទីបរិសុទ្ធ 5 ហើយមួយផ្នែកទៀត ត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ និងទទឹងមួយម៉ឺនសម្រាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសម្រាប់ជាកេរអាករដល់គេ ឲ្យគេមានទីក្រុងរស់នៅ 6 ហើយអ្នករាល់គ្នាត្រូវទុកដីរបស់ទីក្រុងទទឹងប្រាំពាន់ បណ្តោយពីរម៉ឺនប្រាំពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះសម្រាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា។ 7 ត្រូវឲ្យមានមួយចំណែកសម្រាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ទីក្រុង គឺខាងមុខដីជាតង្វាយបរិសុទ្ធ និងដីរបស់ទីក្រុងនោះ ចាប់ពីព្រំប្រទល់ខាងលិចចេញទៅខាងលិច ហើយពីព្រំប្រទល់ខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ ត្រូវបានស្មើនឹងដីមួយចំណែក ចាប់តាំងពីព្រំប្រទល់ខាងលិច ទៅដល់ព្រំប្រទល់ខាងកើត 8 នោះនឹងបានជាដីរបស់លោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល។ ពួកចៅហ្វាយទាំងប៉ុន្មានរបស់យើង នឹងមិនសង្កត់សង្កិនប្រជារាស្ត្ររបស់យើងទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេ។ 9 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត និងការជិះជាន់ចោល ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតចុះ ត្រូវដកការស៊ីបំបាត់ប្រជារាស្ត្ររបស់យើងចេញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។ ខ្នាតទម្ងន់ និងខ្នាតប្រវែង10 ត្រូវមានជញ្ជីងត្រឹមត្រូវ គឺអេផា ពេញខ្នាត និងបាថ ពេញខ្នាត។ 11 ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថមួយនោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរ ហើយឲ្យអេផានោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ។ 12 សេកែល ត្រូវជាម្ភៃកេរ៉ា ហើយម៉ានេ ត្រូវជាម្ភៃសេកែលបូកនឹងម្ភៃប្រាំសេកែល បូកនឹងដប់ប្រាំសេកែល។ តង្វាយ13 នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី មួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផា ហើយក្នុងស្រូវឱកមួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផាដែរ។ 14 ឯកំណត់ប្រេងដែលត្រូវថ្វាយ វាល់ជាបាថ គឺមួយបាថពីគ័រនីមួយៗ ត្រូវថ្វាយមួយភាគក្នុងដប់ (ឯគ័រស្មើនឹងហូមើរ គឺត្រូវជាដប់បាថ)។ 15 ឯហ្វូងចៀម ត្រូវយកមួយក្នុងពីររយ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អ នៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងតង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។ 16 ប្រជាជនទាំងឡាយនៅក្នុងស្រុក ត្រូវតម្រូវឲ្យថ្វាយតង្វាយនេះសម្រាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល។ 17 ឯតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សម្រាក គឺនៅគ្រប់បុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយ លោកត្រូវរៀបចំតង្វាយសម្រាប់លោះបាប តង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។ ពិធីជម្រះទីសក្ការៈឲ្យបានបរិសុទ្ធ18 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។ 19 ឯសង្ឃត្រូវយកឈាមតង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំងបួនជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង។ 20 នៅថ្ងៃទីប្រាំពីរខែនោះ ត្រូវធ្វើដូចគ្នាទៀត សម្រាប់អស់អ្នកណាដែលវង្វេងចេញ ហើយសម្រាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។ 21 លុះដល់ថ្ងៃទីដប់បួនក្នុងខែដំបូង អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់ប្រាំពីរថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែម៉្យាង។ 22 នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោលមួយ ទុកជាតង្វាយលោះបាប សម្រាប់ខ្លួនលោក និងបណ្ដាជននៅក្នុងស្រុកដែរ។ 23 ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។ 24 ត្រូវរៀបតង្វាយម្សៅដែរ គឺត្រូវយកមួយថាំងសម្រាប់គោមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។ 25 ដល់ថ្ងៃទីដប់ប្រាំ ខែទីប្រាំពីរ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ប្រាំពីរថ្ងៃ តាមរបៀបតង្វាយលោះបាប តង្វាយដុត តង្វាយម្សៅ និងតង្វាយប្រេងដែរ»។ |
© 2016 United Bible Societies
Bible Society in Cambodia