ព្រះអម្ចាស់ដាក់ទោសមេដឹកនាំអ៊ីស្រាអែល1 ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន 2 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ គឺមនុស្សទាំងនេះហើយដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ 3 គេថា នេះមិនមែនជាពេលវេលាដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។ 4 ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងគេ ចូរថ្លែងទំនាយចុះ»។ 5 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងទំនាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាបាននិយាយថា យើងស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់អ្នករាល់គ្នាហើយ។ 6 អ្នករាល់គ្នាបានសម្លាប់មនុស្សនៅក្នុងទីក្រុងនេះកាន់តែច្រើនឡើង ក៏បានសម្លាប់គេចោលនៅពាសពេញផ្លូវ។ 7 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅ។ 8 អ្នករាល់គ្នាខ្លាចដាវ ដូច្នេះ យើងនឹងនាំដាវមកលើអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ 9 យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក។ 10 អ្នករាល់គ្នានឹងត្រូវដួលដោយដាវ យើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែល នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 11 ទីក្រុងនេះនឹងមិនមែនជាថ្លាងសម្រាប់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺយើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែលវិញ 12 នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។ 13 កាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ក្រាបផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ?»។ ព្រះនឹងស្រោចស្រង់អ៊ីស្រាអែល14 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 15 «កូនមនុស្សអើយ គឺជាបងប្អូនអ្នកបង្កើតទេតើ ព្រមទាំងបងប្អូនអ្នក ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងមូល គឺពួកគេទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិមបានពោលថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់មកពួកយើងទុកជាកេរអាករហើយ។ 16 ហេតុនោះ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើយើងបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្ដាលអស់ទាំងសាសន៍ដទៃ ហើយទោះបើយើងកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែយើងនឹងធ្វើជាទីបរិសុទ្ធដល់គេមួយរយៈ ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះដែរ ។ 17 ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។ 18 ពួកអ្នកនឹងមកទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចេញ។ 19 យើងនឹងឲ្យគេមានចិត្តតែមួយ ហើយនឹងដាក់វិញ្ញាណថ្មីមួយក្នុងគេ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ 20 ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ 21 រីឯអស់អ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ យើងនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ 22 ពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ 23 សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្ដាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង 24 នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ 25 រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia