ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 63 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 63

ការ​សងសឹកនឹង​ពួក​អេដុម

1 តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។

2 ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មាន​ពណ៌​ក្រហម ហើយ​ព្រះ‌ភូសា​ដូច​ជា​អ្នក ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ?

3 នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ នៅ​ជា‌មួយ​យើង​ឡើយ យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។

4 ដ្បិត​នៅ​ក្នុង​ចិត្ត​យើង​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​យើង ក៏​បាន​មក​ដល់​ដែរ។

5 យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង

6 យើង​បាន​ជាន់​ឈ្លី​ជន​ជាតិ​ទាំង‌ឡាយ ដោយ​កំហឹង​របស់​យើង ក៏​ធ្វើ​ឲ្យ​គេ​ស្រវឹង ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ហើយ​បាន​ចាក់​ឈាម​គេ​ចុះ​ដល់​ដី​ផង។

ការ​រំឭក​ពី​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អម្ចាស់

7 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។

8 ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ បាន​ជា​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ។

9 ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។

10 ប៉ុន្តែ គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ។

11 ខណៈ​នោះ រាស្ត្រ​ព្រះ‌អង្គ​បាន​នឹក​ដល់​គ្រា​លោក​ម៉ូសេ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា‌មួយ​គង្វាល នៃ​ហ្វូង​ចៀម​ព្រះ‌អង្គ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា? ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ តើ​នៅ​ឯ​ណា?

12 គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ

13 ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន។

14 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។

អធិស្ឋានពីការសោកសៅ

15 សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។

16 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង​ទទឹង ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​ដូច្នេះ? សូម​ព្រះ‌អង្គ​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ជា​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​មត៌ក​របស់​ព្រះ‌អង្គ។

18 ប្រជា​រាស្ត្រ​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ

19 យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម ព្រះ‌នាម​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia