ព្រះការពារ និងសង្រ្គោះក្រុងស៊ីយ៉ូន1 ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះយើងមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម យើងមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានភ្លឺដូចជាពន្លឺភ្លើង។ 2 នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយសេចក្ដីទាំងឡាយនឹងឃើញសិរីល្អរបស់អ្នកដែរ អ្នកនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឧស្ឋនៃព្រះយេហូវ៉ាសម្រេចឲ្យ។ 3 អ្នកជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តព្រះរបស់អ្នក។ 4 គេនឹងលែងហៅអ្នកថា «ទីក្រុងដែលគេបោះបង់ចោល » ឬ «ស្រុកស្ងាត់ជ្រងំ » ទៀតឡើយ។ គឺគេនឹងហៅអ្នកថា «យើងពេញចិត្តនឹងអ្នកជាខ្លាំង » ហើយស្រុករបស់អ្នកនឹងបានដូចជា «ស្ត្រីមានប្តី » ដ្បិតព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកជាខ្លាំង ហើយស្រុករបស់អ្នកនឹងបានរៀបការ។ 5 ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។ 6 ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ 7 ហើយកុំឲ្យព្រះអង្គនៅទំនេរឲ្យសោះ ដរាបដល់ព្រះអង្គបានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី។ 8 ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។ 9 គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់យើង។ 10 ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសម្រាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យមួយ សម្រាប់ជនជាតិទាំងឡាយ។ 11 ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។ 12 គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវចោលឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia