ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 26

ព្រះ‌ទ្រង់​ប្រទាន​ជ័យ‌ជម្នះ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ

1 នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖ យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។

2 ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ។

3 ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

4 ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច

5 ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់ ព្រះ‌អង្គ​រំលំ​ចុះ គឺ​ព្រះ‌អង្គ​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង។

6 ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ និង​ជំហាន​របស់​មនុស្ស​កម្សត់​ទុគ៌ត​ផង។

7 សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ព្រះ‌អង្គ​ពិនិត្យ​ពិចារ‌ណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។

8 ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។

9 នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។

10 ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

11 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។

13 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ ដោយ‌សារ​ព្រះ‌អង្គ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​រក​តែ​ព្រះ‌នាម​ព្រះ‌អង្គ។

14 គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ទៀតឡើយ។

15 ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ​ហើយ គេ​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​បាន​វាត​ព្រំ​ប្រទល់​ស្រុក​ឲ្យ​ធំ​ទូលាយ។

16 ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក គេ​បាន​ស្វែង​រកព្រះ‌អង្គ គេ​បាន​បង្ហូរ​ចេញ​ពាក្យ​អធិ‌ស្ឋាន ក្នុង​គ្រា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល​គេ។

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សម្រាល នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​នៅ​ចំពោះ​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

18 យើង​ខ្ញុំ​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ​ចាប់ តែ​បាន​សម្រាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចម្រើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។

19 ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។

20 ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។

21 ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia