ការអរព្រះគុណ និងការសរសើរតម្កើង1 នៅគ្រានោះ អ្នកនឹងពោលថា៖ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតទោះបើព្រះអង្គបានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីក្រោធនោះបានបែរចេញទៅហើយ ព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។ 2 មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។ 3 ដោយហេតុនោះ អ្នករាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ 4 ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។ 5 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។ 6 ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។ |
© 2016 United Bible Societies
Bible Society in Cambodia