ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហូសេ 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ហូសេ 12

1 អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។

ប្រវត្តិ​នៃ​ការ​បះ​បោរ​ដ៏​វែង​ឆ្ងាយ

2 ព្រះ‌យេហូវ៉ា​មាន​ក្ដី​ក្ដាំ​នឹង​យូដា ក៏​នឹង​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង។

3 កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។

4 លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស លោក​បាន​ជួប​ព្រះ‌អង្គ​នៅ​បេត-អែល នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក

5 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ​យេហូវ៉ា ជា​នាម​ដ៏​ជា​ទី​រំឭក​របស់​ព្រះ​អង្គ!

6 ដូច្នេះ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក​វិញ​ចុះ ចូរ​កាន់ចិត្ត​សប្បុ‌រស និង​យុត្តិ‌ធម៌ ហើយ​រង់​ចាំ​ព្រះ​របស់​អ្នក​ជា‌និច្ច​ផង។

7 ផ្ទុយ​ទៅ​វិញ គេ​ប្រៀប​ដូច​ជា ឈ្មួញ​ដែល​មាន​ល្បិច​កល គេ​ប្រើ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ។

8 អេប្រាអិម​ពោល​ថា "ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​អ្វី​ឡើយ"។

9 ប៉ុន្តែ យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នកតាំង​ពី​ស្រុក​អេស៊ីព្ទ​មក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​នៅ​ក្នុង​បារាំ​ម្តង​ទៀត ដូច​នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់។

10 យើង​បាន​និយាយ​ទៅ​កាន់​ពួក​ហោរា គឺ​យើង​នេះ​ហើយ​ដែល​សម្ដែង ឲ្យ​ឃើញ​និមិត្ត​កាន់​តែ​ច្រើន ក៏​បាន​ប្រើ​រឿង​ប្រៀប​ធៀប​តាម​រយៈ​ពួក​ហោរា​ដែរ។

11 នៅ​ក្នុង​ស្រុក​កាឡាត មាន​អំពើ​ទុច្ចរិត គេ​នឹង​វិនាស​សូន្យ​ទៅ​ជា​មិន​ខាន។ នៅ​គីល‌កាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អាសនា​របស់​គេ​ប្រៀប​ដូច​ជា​គំនរដុំ​ថ្ម នៅ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។

12 យ៉ាកុប​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម នៅ​ទី​នោះ អ៊ីស្រា‌អែល​បាន​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ ក៏​បាន​ឃ្វាល​ហ្វូង​ចៀម ដើម្បី​ឲ្យ​បាន​ប្រពន្ធ។

13 ដោយ‌សារ​ហោរា​ម្នាក់ ព្រះ‌យេហូវ៉ា​បាន​នាំ​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ដោយ‌សារ​ហោរា ព្រះ‌អង្គ​បាន​ការ​ពារ​គេ។

14 អេប្រាអិម​បាន​ធ្វើ​ឲ្យព្រះ‌យេហូវ៉ា​ខ្ញាល់ ហេតុ​នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អង្គ​នឹង​សង​សេចក្ដី​ដំណៀល របស់​គេ​ទៅ​លើ​គេ​វិញ។

© 2016 United Bible Societies

Bible Society in Cambodia