ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 17

1 បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។

2 បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មត៌ក ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។

3 មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់ និង​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។

4 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។

5 អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។

6 កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។

7 ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។

8 សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។

9 អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។

10 ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។

11 មនុស្ស​ខូច​អាក្រក់ រក​តែ​បះ‌បោរ​ម៉្យាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បម្រើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។

12 ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។

13 អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ ពី​ផ្ទះ​អ្នក​នោះ​ឡើយ។

14 ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។

15 អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

16 ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា តើ​មាន​ប្រ‌យោជន៍​អ្វី បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ?

17 មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។

18 មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។

19 អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។

20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។

21 អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​អំណរ​ឡើយ។

22 ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

23 មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។

24 ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។

25 កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។

26 ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។

27 អ្នក​ណា​ដែល​មាន​តម្រិះ រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។

28 សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ពេល​គេ​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia