ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 15

1 ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។

2 អណ្ដាត​របស់​មនុស្ស​មាន​ប្រាជ្ញា ថ្លែង​ប្រាប់​ពី​ចំណេះ​ដឹង តែ​មាត់​របស់​មនុស្ស​ខ្លៅ បង្ហូរ​ចេញ​ជា​សេចក្ដី​ចម្កួត។

3 ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។

4 ឯ​អណ្ដាត​ដ៏​លំ​ហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។

5 មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ។

6 នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។

7 បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។

8 យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ​វិញ។

9 ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​ស្រឡាញ់​ចំពោះ​អ្នក​ណា ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។

10 មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បម្រុង​ទុក​សម្រាប់​អ្នក​ណា ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។

11 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

12 មនុស្ស​ដែល​ចំអក​មើល​ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ គេ​ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។

13 ចិត្ត​រីក‌រាយតែង​តែ​បណ្ដាល​ឲ្យ មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។

14 ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចម្កួត​វិញ។

15 អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជា‌និច្ច។

16 មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។

17 ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សម្អប់​វិញ។

18 មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។

20 កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល​ងាយ​ម្តាយ​ខ្លួន​វិញ។

21 ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

22 ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

23 មនុស្ស​រមែង​មាន​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។

24 ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។

25 ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ព្រះ‌អង្គ​នឹង​តាំង​គោល​ចារឹក នៃ​ស្ត្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។

26 គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សម្ដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។

27 អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។

28 ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ ជា​សេចក្ដី​អាក្រក់​វិញ។

29 ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។

30 ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។

31 ត្រចៀក​ណា​ដែល​ស្តាប់​តាម សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អា‌ស្រ័យ​នៅ​ជា​កណ្ដាល​ពួក​អ្នក​ប្រាជ្ញ។

32 អ្នក​ណា​ដែល​មិន​ព្រម​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។

33 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

© 2016 United Bible Societies

Bible Society in Cambodia