ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 14

1 ស្ត្រី​ដែល​មាន​ប្រាជ្ញា​តែង​សង់​ផ្ទះ​របស់​ខ្លួន តែ​ស្ត្រី​ល្ងី‌ល្ងើ​រំលំ​ផ្ទះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។

2 អ្នក​ណា​ដែល​ដើរ​ដោយ សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល​ងាយ​ព្រះ‌អង្គ​វិញ។

3 មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ មាន​រំពាត់​សម្រាប់​បង្ក្រាប​អំនួត​របស់​វា តែ​បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា តែង​ការ​ពារ​ខ្លួន​វិញ។

4 ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កម្លាំង​គោ​នោះ​ឯង ដែល​នឹង​ចម្រើន​កើន​ឡើង​បាន។

5 សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។

6 មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា ដែល​មាន​យោបល់។

7 ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ នៅ​បបូរ​មាត់​វា​មិន​បាន។

8 ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង​វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆបោក​ទទេ។

9 មនុស្ស​ល្ងី‌ល្ងើ​តែង​សើច​ចំអក នឹង​តង្វាយ​លើក​លែង​ទោស តែ​មនុស្ស​ទៀង​ត្រង់ នោះ​គាប់​ព្រះហឫទ័យ​ព្រះ​វិញ។

10 ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃនឹង​ទទួល​ចំណែក ក្នុង​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។

11 ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ចម្រើន​ឡើង​វិញ។

12 មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ ដូច​ជា​ត្រឹម​ត្រូវ​ល្អ​ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ​ជា​សេចក្ដី​ស្លាប់​វិញ។

13 នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​អំណរ​គឺ​ជា​ធ្ងន់​ទ្រូង​វិញ។

14 អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ នោះ​នឹង​បាន​ឆ្អែតដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​ក៏​នឹង​បាន​ស្កប់‌ស្កល់ ដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន​ដែរ។

15 មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

16 មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត​ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។

17 អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង​តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។

18 មនុស្ស​ឆោត​ល្ងង់​តាក់​តែង​ខ្លួន ដោយ​សេចក្ដី​ចម្កួត តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បំពាក់​ដោយ​ការ​ចេះ​ដឹង ទុក​ជា​មកុដ​វិញ។

19 មនុស្ស​អាក្រក់​រមែង​ឱន​ចុះ​នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​របស់​មនុស្ស​សុចរិត​ដែរ។

20 មនុស្ស​ក្រ​គេ​តែង​ស្អប់​ខ្ពើម សូម្បី​តែ​អ្នក​ជិត​ខាង​ខ្លួន តែ​អ្នក​មាន​វិញ គេ​មាន​មិត្ត​សម្លាញ់​ច្រើន​ណាស់។

21 អ្នក​ណា​ដែល​មើល​ងាយ​ដល់​អ្នក​ជិត​ខាង ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។

22 មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ ប៉ុន្តែ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​ល្អ នឹង​បាន​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត។

23 អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សម្ដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។

24 ទ្រព្យ​សម្បត្តិ​ជា​មកុដ​សម្រាប់​មនុស្ស​មាន​ប្រាជ្ញា តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចម្កួត​សុទ្ធ។

25 សាក្សី​ទៀង​ត្រង់​រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត​ភរ​វិញ។

26 មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។

27 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រ‌យោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

28 ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​ប្រជា‌រាស្ត្រ ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្ដា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។

29 អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ នោះ​សម្ញែង​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។

30 ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រម្ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ ដល់​ឆ្អឹង​វិញ។

31 អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដែល​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កម្សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​វិញ។

32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់ ក្នុង​កាល​ដែល​ស្លាប់​វិញ។

33 ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។

34 សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស ដល់​សាសន៍​ណាៗ​ក៏​ដោយ។

35 មហា‌ក្សត្រ​តែង​ផ្តល់​គុណ​ដល់​អ្នក​បម្រើ​ណា ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ស្ដេច នឹង​ធ្លាក់​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស។

© 2016 United Bible Societies

Bible Society in Cambodia