ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាការី 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សាការី 12

ជ័យ​ជម្នះ​របស់​ក្រុង​យេរូ‌សាឡិម

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ថ្លែង​ពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​ផែនដី ព្រម​ទាំង​បង្ក​បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖

2 «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន​ជាតិ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។

3 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិមធ្ងន់​ដូច​ជា​ថ្ម សម្រាប់​មនុស្ស​ទាំង​អស់ អ្នក​ណា​ដែល​លើក​ថ្ម​នោះ នឹង​ត្រូវ​របួស​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ»។

4 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ឲ្យជ្រួល​ច្របល់ ហើយ​ឲ្យ​ពួក​អ្នក​ជិះត្រូវ​វិល​ខួរ​ដែរ យើង​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក។

5 ឯ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា "ពួក​ក្រុង​យេរូ‌សាឡិម​មាន​កម្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​គេ"។

6 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្ដាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្ដាល​កណ្ដាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំ‌វិញ ទោះ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ។

7 ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន​សិន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ និង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​តម្កើង​ឡើង​លើស​ជាង​ពួក​យូដា។

8 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នឹង​ការពារ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នឹង​បាន​ដូច​ជា​ដាវីឌ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​គេ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​សាសន៍ទាំង​ប៉ុន្មាន ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម»។

ពួក​គេ​កាន់​ទុក្ខ​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់​ទម្លុះ

10 «យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

11 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ។

12 ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​រៀងៗ​ខ្លួន គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

13 ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។

14 ឯ​គ្រួសារ​ឯ​ទៀត គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន និង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ»។

© 2016 United Bible Societies

Bible Society in Cambodia