ស្ដ្រី និងនាគ1 មានទីសម្គាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះច័ន្ទនៅក្រោមជើង ហើយមានមកុដធ្វើពីផ្កាយដប់ពីរនៅលើក្បាលរបស់នាង។ 2 នាងមានគភ៌ ហើយកំពុងស្រែកទាំងឈឺចាប់ ដោយហៀបនឹងសម្រាលកូន។ 3 មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។ 4 កន្ទុយវាទាញផ្កាយពីលើមេឃមួយភាគបី ហើយគ្រវែងទម្លាក់មកផែនដី។ បន្ទាប់មក នាគក៏ឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូននោះ ចាំលេបកូនរបស់នាង ពេលណាកូននោះសម្រាលចេញមក។ 5 នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ 6 រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។ លោកមីកែលវាយបំបាក់នាគ7 ពេលនោះ មានចម្បាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតារបស់វាក៏ច្បាំងតបវិញ 8 តែមិនបានឈ្នះទេ ក៏គ្មានកន្លែងណាឲ្យវានៅស្ថានសួគ៌ទៀតដែរ។ 9 នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។ 10 បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។ 11 ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។ 12 ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។ នាគច្បាំងម្តងទៀតនៅលើផែនដី13 លុះនាគឃើញថា វាត្រូវបានបោះទម្លាក់ចុះមកផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។ 14 ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។ 15 ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។ 16 ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។ 17 បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។ 18 ពេលនោះ នាគក៏ចេញទៅឈរនៅឆ្នេខ្សាច់ នាមាត់សមុទ្រ។ |
© 2016 United Bible Societies
Bible Society in Cambodia