ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លេវី‌វិន័យ 21

ច្បាប់​សម្រាប់​សង្ឃ

1 ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​ពួក​សង្ឃ គឺ​ជា​ពួក​កូន​អើរ៉ុន​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​ស្លាប់ នៅ​ក្នុង​ពួក​ញាតិ​សន្តាន​របស់​ខ្លួន​ឡើយ

2 លើក​លែង​តែ​ដោយ​ព្រោះ​សាច់‌ញាតិ​ដែល​ជិត‌ដិត គឺ​ម្តាយ ឬ​ឪពុក កូន​ប្រុស​កូន​ស្រី ឬ​បង‌ប្អូន​ប្រុស​របស់​ខ្លួន​ប៉ុណ្ណោះ

3 ហើយ​ដោយ​ព្រោះ​បង‌ប្អូន​ស្រី​នៅ​ក្រមុំ ជា​សាច់​ជិត​ដិត​ដែល​មិន​ទាន់​មាន​ប្តី នោះ​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​នាង​នោះ​បាន​ដែរ។

4 ពួក​សង្ឃ​ជា​មេ​លើ​សាសន៍​របស់​ខ្លួន ដូច្នេះ មិន​ត្រូវ​ធ្វើ​អ្វី​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ឲ្យ​បាន​ទាប​ថោក​វិញ​ឡើយ។

5 មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​តម្ពែក​នៅ​លើ​ក្បាល ឬ​កាត់​តម្រឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ។

6 ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​សម្រាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​តង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ។

7 គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​ពេស្យា ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្តី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​របស់​គេ។

8 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​របស់​អ្នក ហើយ​អ្នក​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ យើង​បរិសុទ្ធ។

9 បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​ពេស្យា នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​គេ​ក្នុង​ភ្លើង​ទៅ។

10 អ្នក​ណា​ដែល​ធ្វើ​ជា​សង្ឃ​ក្នុង​ពួក​បង‌ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សម្លៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ឡើយ។

11 ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ

12 គាត់​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​របស់​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ​នៅ​លើ​ក្បាល​ហើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

13 ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ

14 មិន​ត្រូវ​យក​ស្ត្រី​មេម៉ាយ ស្រី​ប្តី​លែង ស្រី​ខូច​សេចក្ដី​បរិសុទ្ធ ឬ​ស្រី​ពេស្យា​ឲ្យ​សោះ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ពី​ពួក​សាសន៍​របស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​វិញ

15 ហើយ​មិន​ត្រូវ​ឲ្យ​ពូជ‌ពង្ស​របស់​ខ្លួន​ទៅ​ជា​ទាប​ថោក​ក្នុង​សាសន៍​ខ្លួន​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​លោក​ចេញ​ជា​បរិសុទ្ធ»។

16 ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ

17 ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា៖ «បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ្នក​នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​របស់​ខ្លួន​ឡើយ។

18 ដ្បិត​អ្នក​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ជិត​ឡើយ ដូច​ជា​មនុស្ស​ខ្វាក់ ខ្ញើច ឬ​អ្នក​ណា​ដែល​មាន​ច្រមុះ​ក្រពឹត ឬ​ជើង​ដៃ​មិន​ស្មើ​គ្នា

19 មនុស្ស​ណា​កំពួរ​ជើង​ដៃ

20 ដែល​គម តឿ មាន​ស្នាម​អ្វី​នៅ​ភ្នែក កើត​រមាស់ ស្រែង ឬ​មាន​ពង​ខូច។

21 អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​លោក​អើរ៉ុន​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​តង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ។

22 អ្នក​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​តង្វាយ​បរិសុទ្ធ និង​តង្វាយ​បរិសុទ្ធ​បំផុត​ផង។

23 ប៉ុន្តែ អ្នក​នោះ​វិកល‌វិការ​ហើយ បាន​ជា​មិន​ត្រូវ​ចូល​កន្លែង​វាំង‌នន ឬ​ជិត​អាសនា​ឡើយ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ទី​បរិសុទ្ធ​របស់​យើង ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ»។

24 ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​លោក​អើរ៉ុន និង​ពួក​កូន​លោក ហើយ​ដល់​ពួក​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។

© 2016 United Bible Societies

Bible Society in Cambodia