ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លូកា 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លូកា 21

តង្វាយ​របស់​ស្ត្រី​មេម៉ាយ
(ម៉ាកុស ១២.៤១-៤៤ )

1 ព្រះ‌យេស៊ូវ​ទត​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​ប្រាក់​តង្វាយ​ក្នុង​ហិប​តង្វាយ

2 ព្រះ‌អង្គ​ក៏​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​ពីរ​ស្លឹង​គត់។

3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី្ត​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ច្រើន​ជាង​គេ​ទាំង​អស់

4 ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​សំណល់​របស់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្តី​កម្សត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​បាន​ថ្វាយ​ទាំង​អស់ ដែល​នាង​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ និង​ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ។
(ម៉ាថាយ ២៤.១-១៤ ម៉ាកុស ១៣.១-១៣ )

5 កាល​អ្នក​ខ្លះ​កំពុង​និយាយ​ពី​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ និង​ដោយ​តង្វាយ​ផ្សេងៗ​ដែល​គេ​បាន​ថ្វាយ​ដល់​ព្រះ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

6 «រីឯ​របស់​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ គឺ​ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។

7 គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​ហេតុ‌ការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជិត​មក​ដល់?»

8 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

9 កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​ពី​សង្គ្រាម និង​ចលា‌ចល នោះ​កុំ​តក់​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ ចុង​បំផុត​មិន​ទាន់​មក​ដល់​ភ្លាមៗ​ទេ»។

10 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ ហើយ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ

11 នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង។

12 ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​អ្នក​រាល់​គ្នា បៀត​បៀន​អ្នក​រាល់​គ្នា ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​លោក​ទេសា‌ភិបាល ដោយ​ព្រោះ​នាម​ខ្ញុំ។

13 ប៉ុន្តែ ការ​នេះ​នឹង​ត្រឡប់​ជា​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ។

14 ដូច្នេះ ចូរ​ចង​ចាំ​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន​នោះ​ឡើយ

15 ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។

16 ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង‌ប្អូន ញាតិ‌សន្តាន ហើយ​មិត្ត​សម្លាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​គេ​នឹង​សម្លាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ។

17 មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ

18 តែ​សូម្បី​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង។

19 អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម
(ម៉ាថាយ ២៤.១៥-២១ ម៉ាកុស ១៣.១៤-១៩ )

20 «ពេល​ណា​អ្នក​ឃើញ​ពល‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា ក្រុង​នោះ​ជិត​វិនាស​ហើយ។

21 គ្រា​នោះ អ្នក​នៅ​ស្រុក​យូដា​ត្រូវ​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ។

22 ដ្បិត​គ្រា​នោះ​ជា​គ្រា​សង​សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក។

23 នៅ​គ្រា​នោះ ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ និងស្រ្ដី​ដែល​បំបៅ​កូន នោះ​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្តី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក និង​សេចក្តី​ក្រោធ​ដល់​ប្រជា‌ជន​នេះ។

24 គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។

កូន​មនុស្ស​យាង​ត្រឡប់​មក​វិញ
(ម៉ាថាយ ២៤.២៩-៣១ ម៉ាកុស ១៣.២៤-២៧ )

25 «គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក។

26 មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។

27 ពេល​នោះ គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។

28 កាល​ណា​ការ​ទាំង​នេះ​ចាប់​ផ្តើម​កើត​មក ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។

មេរៀន​អំពី​ដើម​ល្វា
(ម៉ាថាយ ២៤.៣២-៣៥ ម៉ាកុស ១៣.២៨-៣១ )

29 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប ទៅ​គេ​ថា៖ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​នោះ​ចុះ!

30 កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ។

31 ការ​នោះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា ព្រះរាជ្យ​របស់​ព្រះ​នៅ​ជិត​បង្កើយ។

32 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។

33 ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។

ការ​រំឭក​ដាស់​តឿន​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន

34 «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម

35 ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ផែនដី​ទាំង​មូល។

36 ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។

37 ពេល​ថ្ងៃ ព្រះ‌អង្គ​តែង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ។

38 ប្រជា‌ជន​ទាំង​អស់នាំ​គ្នា​ក្រោក​ពី​ព្រលឹម មក​ស្តាប់​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ។

© 2016 United Bible Societies

Bible Society in Cambodia