ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


រ៉ូម 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
រ៉ូម 7

ភាព​ស្រដៀង​គ្នា​នឹង​អាពាហ៍ពិពាហ៍

1 ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ?

2 ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​បាន​រៀប‌ការ​តាម​ច្បាប់ ដរាប​ណា​ប្ដី​នៅ​មាន​ជីវិត នាង​ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី តែ​បើ​ប្តី​ស្លាប់​ទៅ នាង​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ។

3 ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។

4 បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។

5 ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​បាប ដែល​ជំរុញ​ដោយ​ក្រឹត្យ‌វិន័យ បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​អវយវៈ​របស់​យើង ដើម្បី​បង្កើត​ផល​ផ្លែ​ឲ្យ​សេចក្តី​ស្លាប់។

6 តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​ស្លាប់​ខាង​ឯ​ការ​ដែល​បាន​ឃុំ‌ឃាំង​យើង ដើម្បី​ឲ្យ​យើង​គោរព​បម្រើ​តាម​របៀប​ថ្មី​របស់​ព្រះ‌វិញ្ញាណ​វិញ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។

ក្រឹត្យ‌វិន័យ និង​អំពើ​បាប

7 ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។

8 ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។

9 ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង

10 ឯ​ខ្ញុំ​ក៏​ស្លាប់ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្តិ​ដែល​សន្យា​ឲ្យ​មាន​ជីវិត នោះ​បង្ហាញ​ថា​ខ្ញុំ​មាន​ទោស​ត្រូវ​ស្លាប់​វិញ។

11 ដ្បិត ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ វា​ក៏​បញ្ឆោត​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ដោយ​សារ​បញ្ញត្តិ​នោះ​ឯង។

12 ដូច្នេះ ក្រឹត្យ‌វិន័យ​បរិសុទ្ធ ហើយ​បញ្ញត្តិ​ក៏​បរិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

13 តើ​អ្វី​ដែល​ល្អ​នេះ​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​គឺ​ជា​បាប ហើយ​តាម​រយៈ​បញ្ញត្តិ​នោះ បាប​ត្រឡប់​ជា​ធ្ងន់​ហួស​ហេតុ។

ជម្លោះ​ខាង​ក្នុង

14 យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។

15 ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ តែ​បែរ​ជា​ធ្វើ​ការ​ណា​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ។

16 ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន។

17 តាម​ពិត មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ

18 ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ ខ្ញុំ​ធ្វើ​មិន​កើត។

19 ខ្ញុំ​មិន​ធ្វើ​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។

20 ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ​ទេ​តើ។

21 ដូច្នេះ ខ្ញុំ​រក​ឃើញ​ច្បាប់​មួយ​គឺ ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ ការ​អាក្រក់​ចេះ​តែ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។

22 ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ

23 ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។

24 ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?

25 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ដោយ​គំនិត​របស់​ខ្ញុំ ខ្ញុំ​គោរព​បម្រើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ តែ​សាច់​ឈាម​របស់​ខ្ញុំ ខ្ញុំ​បែរ​ជា​គោរព​បម្រើ​ច្បាប់​របស់​បាប​ទៅ​វិញ។

© 2016 United Bible Societies

Bible Society in Cambodia