ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 7

លោក​យ៉ូប៖ ការ​រង​ទុក្ខ​របស់​ខ្ញុំ​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ

1 តើ​គ្មាន​ពេល​កេណ្ឌ​មនុស្ស ដែល​នៅ​ផែនដី​ទេ​ឬ? តើ​ជីវិត​គេ​មិន​មែន​ដូច​ជា​ជីវិត របស់​អ្នក​ស៊ី​ឈ្នួល​ទេ​ឬ?

2 ដូច​ជា​ទាសករ ដែល​ប្រាថ្នា​ចង់​ជ្រក​ម្លប់ ហើយ​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ដែល​ទន្ទឹង​រង់ចាំ​បើក​ប្រាក់​ឈ្នួល

3 ខ្ញុំ​ក៏​ទទួល​រង​ទុក្ខ​វេទនា​ជា​ច្រើន​ខែ ហើយ​ក៏​នឿយ​ហត់​រាល់​តែ​យប់​ដូច្នោះ​ដែរ។

4 កាល​ណា​ខ្ញុំ​ទៅ​ដេក ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង? ប៉ុន្តែ ពេល​យប់​ពន្យា​កាន់​តែ​យូរ ខ្ញុំ​ក៏​ចេះ​តែ​ប្រះ​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ។

5 សាច់​ខ្ញុំ​ស្លៀក​ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​គួរ​ខ្ពើម។

6 អាយុ​ជីវិត​របស់​ខ្ញុំ លឿន​ជាង​ត្រល់​តម្បាញ​ទៅ​ទៀត ហើយ​ក៏​កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម។

7 ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ សេចក្ដី​ល្អ​ទៀត​ឡើយ។

8 ឯ​ភ្នែក​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​ទូល‌បង្គំ នឹង​មិន​ឃើញ​ទៀត​ឡើយ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​នឹង​ទត​មក​លើ​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​មាន​ទៀត​ទេ។

9 អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត​ដែរ។

10 អ្នក​នោះ​នឹង​មិន​ដែល​ត្រឡប់ មក​ផ្ទះ​ខ្លួន​ទៀត​ឡើយ ទី​កន្លែង​របស់​គេ​ក៏​នឹង​លែង​ស្គាល់​គេ។

11 ហេតុ​នោះ ទូល‌បង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូល‌បង្គំ​នឹង​និយាយ​ដោយ​វេទនា ក្នុង​វិញ្ញាណ​ទូល‌បង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ។

12 តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សម្បើម នៅ​ក្នុង​សមុទ្រ​ឬ? បាន​ជា​ព្រះ‌អង្គ​ដាក់​អ្នក​យាម​ឲ្យ​មើល​ទូល‌បង្គំ?

13 កាល​ណា​ទូល‌បង្គំ​នឹក​ថា គ្រែ​របស់​ទូល‌បង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូល‌បង្គំ​នឹង​កម្សាន្ត សេចក្ដី​តប់‌ប្រមល់​ទៅ

14 ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​និមិត្ត

15 បាន​ជា​ទូល‌បង្គំ​ចង់​ចង​ក​សម្លាប់​ខ្លួន ជា​ជាង​រស់​នៅ​ដោយ​ឃើញ​តែ​ឆ្អឹង​បែប​នេះ។

16 ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​មិន​ចង់​រស់​រហូត​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​ម្នាក់​ឯង​ចុះ ដ្បិត​អាយុ​របស់​ទូល‌បង្គំ​គ្មាន​ន័យ​អ្វី​សោះ។

17 តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​រវល់​ដល់​គេ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ

18 ព្រម​ទាំង​មក​សួរ​គេ​រាល់​តែ​ព្រឹក ហើយ​ល្បង​ល​គេ​រាល់​វេលា​ដូច្នេះ?

19 តើ​ដល់​កាល​ណា​ទើប​ព្រះ‌អង្គ បែរ​ព្រះ‌នេត្រ​ចេញ​ពី​ទូល‌បង្គំ ហើយ​មិន​ទុក​ទូល‌បង្គំ​តែ​ឯង ល្មម​តែ​ឲ្យ​លេប​ទឹក​មាត់​បាន​ផង?

20 ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ទុក​ដូច​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ ក្លាយ​ជា​អ្នក​រំខាន​ព្រះ‌អង្គ?

21 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​របស់​ទូល‌បង្គំ ហើយ​ដោះ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ? ដ្បិត​បន្តិច​ទៀត​ទូល‌បង្គំ​នឹង​ដេក​នៅ​ក្នុង​ដី ព្រះ‌អង្គ​នឹង​ស្វែង​រក​ទូល‌បង្គំ តែ​មិន​មាន​ទូល‌បង្គំ​ទៀត​ទេ»។

© 2016 United Bible Societies

Bible Society in Cambodia