យ៉ូប 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកប៊ីលដាដមានប្រសាសន៍ថា៖ លោកយ៉ូបត្រូវប្រែចិត្ត 1 លោកប៊ីលដាឌ ជាសាសន៍ស៊ូអា ឆ្លើយឡើងថា៖ 2 «តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណា ហើយបព្ចោញវាចាដូចជាខ្យល់ព្យុះ ដល់កាលណាទៀត? 3 តើព្រះបង្ខូចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គដែលបង្ខូចសេចក្ដីសុចរិតដែរឬ? 4 ប្រសិនបើកូនៗរបស់អ្នក បានធ្វើបាបទាស់នឹងព្រះអង្គ ព្រះអង្គបានប្រគល់គេ ទៅក្នុងអំណាច នៃសេចក្ដីកំហុសរបស់គេ។ 5 បើអ្នកស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា 6 បើខ្លួនអ្នកបរិសុទ្ធ ហើយទៀងត្រង់ នោះប្រាកដជាព្រះអង្គនឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានចម្រើនឡើងវិញ។ 7 យ៉ាងនោះ ទោះបើខាងដើមនៃអ្នក បានតូចទាបក៏ដោយ គង់តែដល់ចុងបំផុត អ្នកនឹងបានចម្រើនជាធំឡើង។ 8 ចូរស៊ើបសួររកពីតំណមនុស្សដែលកន្លងទៅ ហើយត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដី ដែលបុព្វបុរសគេបានស្វែងរកឲ្យចេះចុះ 9 ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមក ពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ 10 ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬ? 11 តើដើមកក់ដុះដោយឥតភក់បានឬ? ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ? 12 កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត។ 13 ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡល្មើស នឹងត្រូវវិនាសទៅដែរ។ 14 ជាពួកមនុស្សដែលទីពឹងរបស់គេ នឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមង នៃពីងពាងប៉ុណ្ណោះ។ 15 អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ។ 16 អ្នកនោះចម្រើនលូតលាស់នៅក្រោមពន្លឺថ្ងៃ ហើយបែកមែកសាខាក្នុងសួនច្បារ។ 17 ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម។ 18 បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា យើងមិនបានឃើញឯងទេ។ 19 មើល៍ នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង។ 20 មើល៍ ព្រះមិនដែលលះបង់ មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។ 21 ដល់ចុងបំផុត ព្រះអង្គនឹងឲ្យមាត់អ្នក បានពេញដោយសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើង ដោយអំណរវិញ។ 22 ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។ |
© 2016 United Bible Societies
Bible Society in Cambodia