ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 26

ចម្លើយ​របស់​លោក​យ៉ូប៖ លោក​ប៉ិន​ប្រសប់​ជួយ​អ្នក​ដែល​គ្មាន​កម្លាំង​មែន!

1 នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖

2 «អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង

3 បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ

4 តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ?

5 ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង។

6 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។

7 ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។

8 ព្រះ‌អង្គ​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក យ៉ាង​ក្រាស់​របស់​ព្រះ‌អង្គ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

9 ព្រះ‌អង្គ​បាំង​ខាង​មុខ​បល្ល័ង្ក​ព្រះ‌អង្គ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើ។

10 ព្រះ‌អង្គ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ។

11 សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បន្ទោស។

12 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ហើយ​ក៏​វាយ​កម្ទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ។

13 ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ។

14 ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»

© 2016 United Bible Societies

Bible Society in Cambodia