យ៉ូប 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រសាសន៍របស់លោកប៊ីលដាដ៖ តើធ្វើដូចម្ដេចឲ្យមនុស្សសុច្ចរិតនៅចំពោះព្រះបាន? 1 នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា៖ 2 «ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅនឹងព្រះ ព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់របស់ព្រះអង្គ។ 3 ឯចំនួនពលទ័ពព្រះអង្គ តើនឹងរាប់បានឬ? តើមានអ្នកឯណាដែលពន្លឺព្រះអង្គ មិនរះឡើងបំភ្លឺដល់គេនោះ? 4 ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះបាន? ឬធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធ? 5 សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង 6 ចំណង់បើមនុស្សដែលជាដង្កូវ និងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ!»។ |
© 2016 United Bible Societies
Bible Society in Cambodia