ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 5

អំពើ​ពុក​រលួយនៃ​ប្រជារាស្ត្រ​របស់​ព្រះ

1 ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។

2 ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ

3 ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ? ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។

4 នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ។

5 ខ្ញុំ​នឹង​ទៅ​រក​ពួក​អ្នក​ធំ ហើយ​និយាយ​ជា‌មួយ​ពួក​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញហើយ។

6 ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។

7 ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អត់​ទោស​ឲ្យ​អ្នក​បាន? ពួក​កូន​ចៅ​របស់​អ្នក​បាន​បោះ‌បង់​ចោល​យើង​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​យើង​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​យើង​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​ពេស្យា។

8 គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា។

9 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ?

10 ចូរ​ឡើង​ទៅ​លើ​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ព្រះ‌យេហូវ៉ា​ទេ។

11 ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា បាន​ក្បត់​នឹង​យើង​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ផល​វិបាក​នៃ​ការ​បោះ‌បង់​ព្រះ‌អម្ចាស់

12 គេ​និយាយ​មិន​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ ព្រះ​អង្គ​មិនធ្វើ​អ្វី​នោះ​ទេ ក៏​គ្មាន​សេចក្ដី​អាក្រក់​ណា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់​ឡើយ។

13 ពួក​ហោរា​នឹង​ត្រឡប់​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។

14 ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នាបាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ ដែល​យើង​ដាក់​នៅ​មាត់​អ្នក បាន​ដូច​ជា​ភ្លើង ហើយ​ឲ្យ​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ

15 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នែ៎ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​នាំ​សាសន៍​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា គឺ​ជា​សាសន៍​មួយ​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។

16 បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ។

17 គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។

18 ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​មាន​គ្រា​នោះ​ក៏​ដោយ ក៏​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ។

19 បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ព្រះ​ដាក់​ទោស​អ៊ីស្រា‌អែល

20 ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា៖

21 ឱ​ជន​ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

23 តែ​ជន​ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ។

24 គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើមរដូវ ហើយ​ចុង​រដូវ តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​នោះ​ឡើយ។

25 អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​អ្នក បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​អ្នក​រាល់​គ្នា​ដែរ។

26 ដ្បិត​នៅ​ក្នុង​ប្រជា‌រាស្ត្រ​យើង ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ គេ​ដាក់​អន្ទាក់​ចាប់​មនុស្ស។

27 ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​ការ​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​ជា​អ្នក​មានផង។

28 គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។

29 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ?

30 មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក

31 គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?

© 2016 United Bible Societies

Bible Society in Cambodia