ការជំនុំជម្រះជនជាតិភីលីស្ទីន1 នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា 2 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ 3 ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចម្បាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ 4 ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់ បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូន ព្រោះព្រះយេហូវ៉ានឹងបំផ្លាញសាសន៍ភីលីស្ទីន ជាសំណល់មនុស្សមកពីកោះកាប់ថោរ។ 5 អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ? 6 ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានអ្នកឈប់ទ្រឹង? ចូរស៊កខ្លួនទៅក្នុងស្រោមវិញ ចូរផ្អាក ហើយស្ងៀមនៅចុះ។ 7 តើវានៅស្ងៀមម្ដេចបាន ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន និងឆ្នេរសមុទ្រដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia