ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 4

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​អ្នក​មក​រក​យើង ហើយ​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ

2 ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

3 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​អ្នក​រាល់​គ្នា ហើយ​កុំ​សាប‌ព្រោះ​នៅ​កណ្ដាល​បន្លា។

4 ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។

ការឈ្លានពាន និង​ការ​បំផ្លិច​បំផ្លាញ​ពី​សំណាក់​សត្រូវ​របស់​ពួក​យូដា

5 ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ។

6 ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​រត់​ទៅ កុំ​បង្អង់​ឡើយ ព្រោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង។

7 មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។

8 ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅ‌ហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង ហើយ​ពួក​ហោរា​នឹក​ប្លែក​ដែរ។

10 ខ្ញុំ​បាន​ទូល​ថា "ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។

11 នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។

12 គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​យើង ឥឡូវ​នេះ យើង​នឹង​សម្រេច​ទោស​ដល់​គេ។

13 មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។

14 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។

15 ដ្បិត​មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រាអិម មក​ប្រកាស​ពី​ការ​អាក្រក់។

16 ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង។ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​អ្នក គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន

17 គេ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

18 គឺ​ជា​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​របស់​អ្នក ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​អ្នក នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​អ្នក ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​អ្នក​ហើយ។

ទុក្ខ​ព្រួយ​របស់សាសន៍​ដែល​ត្រូវ​វិនាស

19 ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។

20 គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើការ​បំផ្លាញ ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​ស្នាក់​អាស្រ័យ​របស់​ខ្ញុំ​ក៏​ខូច និង​ជម្រក​របស់​ខ្ញុំ​ក៏​ត្រូវបំផ្លាញអស់​ភ្លាម​ៗដែរ។

21 តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់​ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត?

22 ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។

23 ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ ក៏​ឥត​មាន​ពន្លឺ​ដែរ។

24 ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។

25 ខ្ញុំ​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ

26 រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

27 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច‌បង់ ប៉ុន្តែ យើង​មិន​បំផ្លាញ​អស់​រលីង​ទេ

28 ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ

29 បណ្ដា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុងព្រៃ​ស្តុក ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

30 ឯ​អ្នក កាល​ណា​អ្នក​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? ទោះ​បើ​អ្នក​ស្លៀក​ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ទាំង​ផាត់​រង្វង់​ភ្នែក​អ្នក​ដោយ​ថ្នាំ​ក៏​ដោយ តែ​អ្នក​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​នោះ​ជា​ឥត​ប្រយោជន៍​ទេ។ ពួក​សហាយ​របស់​អ្នក គេ​ស្អប់​ខ្ពើម​អ្នក​ហើយ ក៏​រក​សម្លាប់​អ្នក​ទៀត។

31 ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀប​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា "វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ"»។

© 2016 United Bible Societies

Bible Society in Cambodia