ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 12

លោក​យេរេមា​ត្អូញ​ត្អែដាក់​ព្រះ

1 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?

2 ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។

4 តើ​ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត? សត្វ​ជើង​បួន និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់ របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា៖ ព្រះ​អង្គ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។

ព្រះឆ្លើយតបចំពោះ​លោក​យេរេមា

5 បើ​អ្នក​បាន​រត់​ជា‌មួយ​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​អ្នក​អស់​កម្លាំង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិ‌សុខ អ្នក​មិន​សូវ​មាន​សេចក្ដី​សុខ​ទេ នោះ​តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កម្លាំង?

6 ដ្បិត​ទោះ​ទាំង​ពួក​បង‌ប្អូន​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ក៏​បាន​ក្បត់​នឹង​អ្នក​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​អ្នក តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ ក៏​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។

7 យើង​បាន​លះ‌លែង​គ្រួសារ​របស់​យើង​ហើយ ក៏​បាន​បោះ‌បង់​ចោល​មត៌ក​របស់​យើង​ដែរ ឯ​អ្នក​ស្ងួន​សម្លាញ់​នៃ​ដួង​ចិត្ត​យើង នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។

8 ពួក​ដែល​ជា​មត៌ក​របស់​យើង គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​យើង គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​យើង ហេតុ​នោះ​បាន​ជា​យើង​ស្អប់​គេ

9 ប្រជា​ជន​ដែល​យើង​បាន​ជ្រើស​រើស ប្រព្រឹត្ត​ប្រៀប​បាន​នឹង​ត្មាត​ពព្លាក់ តែ​ខ្លួន​គេ​ចោម​រោម​ទៅ​ដោយ​ពពួក​ត្មាត។ ចូរ​ទៅ​ប្រមូល​សត្វ​ព្រៃ​មក​ស៊ី​សាក​សព របស់​គេ​ឲ្យ​អស់​ទៅ!

10 មាន​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង គេ​បាន​ជាន់​ឈ្លី​ដី ដែល​ជា​ចំណែក​របស់​យើង គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​យើងពេញ​ចិត្ត ទៅ​ជា​ទី​ខូច‌អស់​ហើយ។

11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​វិនាស​អន្តររាយ ទី​នោះ​សោយ​សោក​រក​យើង ដោយ​ត្រូវ​ខូច‌បង់ ស្រុក​ទាំង​មូល​ត្រូវ​វិនាស ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។

12 មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្ដី​សុខ​ឡើយ។

13 គេ​បាន​សាប‌ព្រោះ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​គេ​នឹង​ត្រូវ​ខ្មាស ចំពោះ​ផល​របស់​គេ​ដែរ ដោយ​ព្រោះ​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា៖ ពួក​អ្នក​ដែល​ប៉ះ​ពាល់​មត៌ក​ដែល​យើង​បាន​ចែក​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង នោះ​មើល៍ យើង​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្ដាល​គេ​ដែរ។

15 ក្រោយ​ដែល​យើង​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​យើង​នឹង​ត្រឡប់​មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ​ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នាមក​រក​មត៌ក​របស់​គេ ហើយ​មក​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង។

16 យ៉ាង​នោះ​បើ​គេ​នឹង​ខ្នះ‌ខ្នែង​រៀន​តាម​ផ្លូវ​របស់​ប្រជា‌រាស្ត្រ​យើង​ឲ្យ​អស់​ពី​ចិត្ត ហើយ​ស្បថ​ដោយ​នូវ​ឈ្មោះ​យើង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ បែប​ដូច​ជា​គេ​បាន​បង្រៀន​ប្រជា‌រាស្ត្រ​យើង ឲ្យ​ស្បថ​ដោយ​នូវ​ព្រះ‌បាល​ដែរ នោះ​គេ​នឹង​បាន​ស្អាង​ឡើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​យ៉ាង​ពិត​ប្រាកដ។

17 ប៉ុន្តែ បើ​គេ​មិន​ព្រម​ស្តាប់​តាម​ទេ នោះ​យើង​នឹង​ដក​រំលើង​សាសន៍​នោះ គឺ​ទាំង​ដក​រំលើង ហើយ​បំផ្លាញ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia