ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


មីកា 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
មីកា 4

សន្តិសុខ សុវត្ថិភាព​កើត​មាន​ដោយ​សារ​ការ​ស្ដាប់​បង្គាប់

1 នៅ​ថ្ងៃ​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​លើ​អស់​ទាំង​ភ្នំ​ធំ និង​លើក​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ

2 ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា «ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ» ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម។

3 ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​សម្រេច​សេចក្ដី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ ប្រជាជាតិ​នានា​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចម្បាំង​ដែរ។

4 គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចេញ​វាចា​ហើយ។

5 នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដរាប​តទៅ។

ការ​សន្យា​ពី​ការ​ស្ដាឡើង​វិញក្រោយ​ពេល​និរទេស

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​ប្រមូល​អស់​អ្នក​ដែល​បាន​បណ្តេញ ព្រម​ទាំង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ទុក្ខ​ឲ្យ​មក​វិញ»។

7 ឯ​ពួក​អ្នក​ខ្វិន នឹង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ ឲ្យ​បាន​ជា​នគរ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។

8 ដូច្នេះ ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ ឯង​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ ឯង​ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។

9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ? តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ? តើ​អ្នក​ប្រឹក្សា​របស់​ឯង​វិនាស​អស់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន​ដូច្នេះ?

10 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​នឹង​លោះ​ឯង ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។

11 ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា "ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ"។

12 ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។

13 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។

© 2016 United Bible Societies

Bible Society in Cambodia