លោកមីកា និងបុរសម្នាក់ក្នុងពួកលេវី1 នៅស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះ មីកា។ 2 គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!» 3 គាត់ក៏ប្រគល់ប្រាក់សុទ្ធមួយពាន់មួយរយស្លឹងនោះដល់ម្តាយគាត់វិញ រួចម្តាយពោលថា៖ «ម្ដាយថ្វាយប្រាក់សុទ្ធនេះដល់ព្រះយេហូវ៉ាពីដៃរបស់ម្ដាយ សម្រាប់ឲ្យកូនយកទៅឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ។ ដូច្នេះ ម្ដាយប្រគល់ប្រាក់នេះទៅកូនវិញ»។ 4 ដូច្នេះ ពេលគាត់ប្រគល់ប្រាក់នោះទៅម្តាយវិញ ម្តាយក៏យកប្រាក់សុទ្ធពីររយស្លឹងទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ ហើយរូបនោះដាក់នៅក្នុងផ្ទះរបស់មីកា។ 5 ឯបុរសឈ្មោះមីកានេះ មានទីសក្ការៈមួយ ហើយគាត់បានធ្វើអេផូឌ និងថេរ៉ាភីម រួចតែងតាំងកូនប្រុសរបស់គាត់ម្នាក់ ធ្វើជាសង្ឃសម្រាប់គាត់។ 6 នៅគ្រានោះ គ្មានស្តេចសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។ 7 គ្រានោះ នៅក្រុងបេថ្លេហិមស្រុកយូដា មានយុវជនម្នាក់ក្នុងពូជពង្សយូដា ដែលជាលេវី បានមកស្នាក់អាស្រ័យនៅទីនោះ។ 8 បុរសនេះបានចាកចេញពីបេថ្លេហិមក្នុងស្រុកយូដា ដើម្បីទៅរកកន្លែងមួយដែលគាត់អាចស្នាក់នៅបាន។ ពេលធ្វើដំណើរទៅ គាត់ក៏បានមកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម។ 9 មីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាលេវី មកពីបេថ្លេហិមស្រុកយូដា ហើយខ្ញុំដើររកកន្លែងមួយដែលខ្ញុំអាចស្នាក់នៅបាន»។ 10 ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។ 11 បុរសលេវីនោះព្រមរស់នៅជាមួយមីកា ហើយយុវជននោះក៏ត្រឡប់ដូចជាកូនរបស់គាត់។ 12 មីកាបានតែងតាំងបុរសលេវីនោះជាសង្ឃសម្រាប់គាត់ ហើយគាត់ក៏រស់នៅក្នុងផ្ទះមីកានោះទៅ។ 13 គ្រានោះ មីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងចម្រុងចម្រើនខ្ញុំ ព្រោះខ្ញុំមានលេវីម្នាក់ធ្វើជាសង្ឃសម្រាប់ខ្ញុំហើយ»។ |
© 2016 United Bible Societies
Bible Society in Cambodia