ព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គបរិសុទ្ធ1 ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ! 2 ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។ 3 ចូរឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំ ហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។ 4 ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។ 5 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ! 6 ៙ លោកម៉ូសេ និងលោកអើរ៉ុន ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ ហើយលោកសាំយូអែល ក៏នៅក្នុងចំណោមអស់អ្នក ដែលអំពាវនាវរកព្រះនាមព្រះអង្គ។ គេបានអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។ 7 ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកលោក ពីក្នុងបង្គោលពពក ពួកលោកបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គ ព្រមទាំងក្រឹត្យក្រមដែលព្រះអង្គ បានប្រទានដល់ពួកលោក។ 8 ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។ 9 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។ |
© 2016 United Bible Societies
Bible Society in Cambodia