សិរីល្អនៃព្រះរាជ្យរបស់ព្រះ1 ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង! 2 មានពពកយ៉ាងក្រាស់ ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។ 3 មានភ្លើងចេញទៅនៅមុខព្រះអង្គ ហើយបញ្ឆេះបច្ចាមិត្តរបស់ព្រះអង្គ ដែលនៅជុំវិញ។ 4 ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក ផែនដីក៏ឃើញ ហើយញាប់ញ័រ។ 5 ភ្នំទាំងឡាយរលាយដូចក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ ហើយប្រជាជនទាំងអស់ ឃើញសិរីល្អរបស់ព្រះអង្គ។ 7 អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ។ នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ! 8 ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយរីករាយ ពួកកូនស្រី នៃសាសន៍យូដាមានចិត្តត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។ 9 ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។ 10 ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។ 11 មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។ 12 ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ! |
© 2016 United Bible Societies
Bible Society in Cambodia