ការហៅឲ្យចូលមកគោរពប្រណិប័តន៍ដល់ព្រះ1 ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង! 2 ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ ដោយអរព្រះគុណ ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ ដោយបទសរសើរ! 3 ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។ 4 អស់ទាំងទីជម្រៅនៃផែនដី នៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយកំពូលភ្នំទាំងប៉ុន្មាន ក៏ជារបស់ព្រះអង្គដែរ។ 5 សមុទ្រជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតសមុទ្រ ហើយព្រះហស្តរបស់ព្រះអង្គ ក៏បានសូនធ្វើដីគោកដែរ។ 6 ៙ ចូលមក ចូរយើងឱនកាយ ថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើតយើងមក! 7 ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ 8 មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ 9 ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា បានល្បងលយើង ហើយសាកមើលយើង ទោះបើគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។ 10 យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។ 11 ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។ |
© 2016 United Bible Societies
Bible Society in Cambodia