ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 76 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 76

ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​ចៅ‌ក្រម​លើ​ផែន​ដី​ទាំង​មូល
ទំនុក​ជា​បទ​ចម្រៀង​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅស្រុក​អ៊ីស្រា‌អែល។

2 ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

3 នៅ​ទី​នោះ ព្រះ‌អង្គ​បាន​បំបាក់​ព្រួញ ធ្នូ ខែល ដាវ និង​អស់​ទាំង​សស្ត្រា‌វុធ​ចម្បាំង។ –បង្អង់

4 ៙ ព្រះ‌អង្គ​ប្រកប​ដោយ​ភាព​រុងរឿង ហើយ​ប្រសើរ​ខ្ពង់​ខ្ពស់ លើល​ជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន ។

5 ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន បាន​ត្រឡប់​ជា​រំពា គេ​បាន​ដេក​លង់​លក់​បាត់​ស្មារតី ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន មិន​អាច​លើក​ដៃ​ច្បាំង​បាន​ឡើយ។

6 ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះ‌អង្គ​បន្ទោស នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។

7 គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច! កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?

8 ព្រះ‌អង្គ​បាន​ប្រកាស​កាត់​ទោស​ពី​ស្ថាន‌សួគ៌​មក ផែនដី​ក៏​ភ័យ​ខ្លាច ហើយ​នៅ​ស្ងៀម​ឈឹង

9 នៅ​ពេល​ព្រះ​ក្រោក​ឡើង​ជំនុំ‌ជម្រះ ដើម្បី​សង្គ្រោះ​មនុស្ស​ទន់​ទាបទាំង​ប៉ុន្មាន នៅ​លើ​ផែនដី។ –បង្អង់

10 ៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។

11 ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច

12 ព្រះ‌អង្គ​កាត់​វិញ្ញាណ របស់​ពួកហៅ​ហ្វាយ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី ស្ញប់​ស្ញែង​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia