Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 75 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អរ​ព្រះ​គុណ​ចំពោះកិច្ច‌ការ​ដ៏​អស្ចារ្យរបស់​ព្រះ
ទំនុក​ជា​បទ​ចម្រៀង​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង តាម​បទ «សូម​កុំ​បំផ្លាញ»។

1 ឱ​ព្រះ​អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យើង​ខ្ញុំ​អរ​ព្រះ‌គុណ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

2 ៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។

3 កាល​ផែនដី និង​អស់​ទាំង​មនុស្ស នៅ​ផែនដី​រលាយ​ទៅ គឺ​យើង​ដែល​ធ្វើ​ឲ្យ​សសរ​ផែនដី នៅ​តែ​រឹង​មាំ»។ –បង្អង់

4 ទូល‌បង្គំ​និយាយ​ទៅ​កាន់​មនុស្ស​អំនួត​ថា «កុំ​អួត​ខ្លួន​ឡើយ» ហើយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា «កុំ​លើក​តម្កើង​ខ្លួន​ឲ្យ​សោះ

5 កុំ​លើក​តម្កើង​ខ្លួន​ខ្ពស់ ឬ​និយាយ​ប្រហើន​ឡើយ»។

6 ៙ ដ្បិត​ការ​លើក​តម្កើង មិន​មែន​មក​ពី​ទិស​ខាង​កើត ឬ​មក​ពី​ទិស​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ទី​រហោ‌ស្ថាន​ដែរ

7 គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។

8 ព្រោះ​ព្រះ‌យេហូវ៉ា​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។

9 ៙ តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការ របស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។

10 ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើង»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម