ពាក្យអធិស្ឋានសុំការដឹកនាំ និងការទ្រទ្រង់ដល់ព្រះរាជាទំនុករបស់ស្តេចសាឡូម៉ូន។ 1 ឱព្រះអើយ សូមប្រទានឲ្យព្រះរាជា ចេះវិនិច្ឆ័យដូចព្រះអង្គ ហើយសូមឲ្យព្រះរាជបុត្រារបស់ព្រះរាជា បានប្រកបដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! 2 សូមឲ្យព្រះរាជាបានគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គដោយសុចរិត ហើយគ្រប់គ្រងលើប្រជារាស្ត្រក្រីក្រ របស់ព្រះអង្គដោយយុត្តិធម៌។ 3 សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត! 4 សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។ 5 ៙ សូមឲ្យគេបានកោតខ្លាចព្រះករុណា ក្នុងកាលដែលនៅមានព្រះអាទិត្យ ហើយដរាបណានៅមានព្រះច័ន្ទ គឺជារៀងរហូតគ្រប់ជំនាន់តទៅ! 6 សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ មកលើវាលដែលច្រូតស្មៅហើយ គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី! 7 នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរ ដរាបទាល់តែលែងមានព្រះចន្ទ! 8 ៙ សូមឲ្យព្រះរាជាមានអំណាច ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង ហើយចាប់ពីទន្លេអឺប្រាត រហូតដល់ចុងបំផុតផែនដី! 9 សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី 10 សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ! 11 សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ! 12 ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។ 13 ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ 14 ព្រះរាជាលោះជីវិតពួកគេ ឲ្យរួចពីការសង្កត់សង្កិន និងអំពើឃោរឃៅ ឈាមរបស់គេ មានតម្លៃណាស់នៅចំពោះព្រះអង្គ។ 15 ៙ សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ ហើយសូមឲ្យគេយកតង្វាយជាមាស ពីស្រុកសេបា មកថ្វាយព្រះអង្គ សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។ 16 សូមឲ្យមានស្រូវជាបរិបូរនៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល! 17 សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងសាសន៍នឹងហៅព្រះរាជា ថាជាអ្នកមានពរ។ 18 ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែមួយព្រះអង្គគត់ ដែលធ្វើការដ៏អស្ចារ្យ។ 19 សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន! 20 ៙ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។ |
© 2016 United Bible Societies
Bible Society in Cambodia